25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ប៉ះជើងខ្លាំងរុស្ស៊ីយប់ ២៦ កុម្ភះ ២០២៣ នេះ ព្រំ សំណាង ប្ដេជ្ញាដណ្ដើមជ័យជម្នះឲ្យបាន ដើម្បីមុខមាត់គុនខ្មែរ

- Advertisement -spot_img

(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង នឹងបង្ហាញវត្តមានជាថ្មីបន្តទៀត លើសង្វៀន Thai Fight នៅយប់ថ្ងៃអាទិត្យនេះ ដោយត្រូវជួបជើងខ្លាំងរុស្ស៊ី Firdavszhon Naiinov ក្នុងប្រភេទទម្ងន់ ៧៨គីឡូក្រាម ខណៈជើងខ្លាំងកម្ពុជា បានប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះជូនអ្នកគាំទ្រ ពិសេសដើម្បីលើកមុខមាត់ និងកិត្តិយសគុនខ្មែរលើឆាកអន្ដរជាតិ ។

ថ្លែងមុនការប្រកួតមកដល់ កីឡាករវ័យ ៣៨ឆ្នាំខាងលើ បានបង្ហាញពីចំណុចខ្លាំងរបស់ Firdavszhon Naiinov គឺល្អដៃ(វាយចេញ-ចូលលឿន) ហើយនៅក្មេង និងមានបទពិសោធន៍ប្រកួតច្រើនដង ។ តែបើប្រៀបធៀបជាមួយកីឡាករអង់គ្លេស Thomas Carpenter ដែលខ្លួនបានផ្ដួលត្រឹមទឹកទី១ កាលពីដើមខែកុម្ភៈកន្លងទៅ ប្រហែលមិនលើសខ្វះគ្នាប៉ុន្មាននោះទេ ។

ហេតុនេះ ព្រំ សំណាង មានទំនុកចិត្តខ្ពស់លើខ្លួនឯង ក្នុងការប្រកួតនេះ បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ជាប់ ទោះបីទើបដឹងដឹងសមត្ថភាពគូប្រកួត មុនការប្រកួតមកដល់ ៤-៥ថ្ងៃក៏ដោយ ។ យ៉ាងណាមិញ សំណាង ក៏មិនមើលស្រាល ឬធ្វេសប្រហែលក្នុងការប្រកួតនេះដែរ ដោយខ្លួនគ្រោងនឹងចំណាយពេល ១នាទី ឬ ២នាទី ដើម្បីស្ទាបស្ទង់បច្ចេកទេសគូប្រកួត តែបើមានឱកាសផ្ដាច់ ខ្លួននឹងវាយផ្ដាច់យកតែម្ដង ។

ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣១ រូបនេះ បន្ដថា «ការប្រកួតនេះ ពិតជាសំខាន់ ព្រោះបើសិនយើងដណ្ដើមបានជ័យជម្នះមិកវិញ នឹងធ្វើឲ្យបងប្អូនអ្នកគាំទ្រសប្បាយចិត្តដូចយើងដែរ ។ ខ្ញុំធ្លាប់មើលការប្រកួតកីឡាករខ្មែរនៅក្រៅប្រទេសហើយ ពេលខ្មែរឈ្នះ យើងស្រួលដកដង្ហើម តែបើចាញ់ គឺពិបាកដកដង្ហើម ។ ដូច្នេះខ្ញុំនឹងព្យាយាមខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះ និងលើកមុខមាត់គុនខ្មែរយើង» ។

គួរដឹងថា នេះជាលើកទី២ ហើយ ដែលកីឡាករជម្រើសជាតិកម្ពុជា ព្រំ សំណាង ត្រូវបានអញ្ជើញប្រកួតលើសង្វៀនអន្ដរជាតិ Thai Fight ខណៈប្រកួតលើកដំបូង កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងទៅ អ្នកលេងជង្គង់ពិឃាដរូបនេះ បានផ្ដួលដៃគូឲ្យសន្លប់ត្រឹមទឹកទី១ ។ យ៉ាងណាមិញ ការប្រកួតនេះ អាចក្លាយជាការប្រកួតអន្ដរជាតិលើកចុងក្រោយរបស់ សំណាង ដើម្បីបង្ការរបួសផ្សេងៗ ដ្បិតក្រោយជួបកីឡាករវ័យ ២១ឆ្នាំរុស្ស៊ីខាងលើ សំណាង នឹងត្រូវបន្ដសម្រុកហ្វឹកហាត់ក្នុងជំរំ ដើម្បីសម្រួចសមត្ថភាពត្រៀមស៊ីហ្គេមនៅកម្ពុជានាពេលខាងមុខ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img