24.3 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

ប៉ូលិសនិងបាតុករថៃប៉ះទង្គិចគ្នា ចំពេលក្រុងបាងកកធ្វើជាម្ចាស់ផ្ទះជំនួបកំពូល អេប៉ិច

- Advertisement -spot_img

ថៃ៖នៅថ្ងៃ សុក្រ ទី១៨ វិច្ឆិកា ប៉ូលិស ថៃ បាន បាញ់ គ្រាប់កាំភ្លើង កៅស៊ូ ក្នុង ពេល ប៉ះ ទង្គិចគ្នា ជាមួយ បាតុករ រាប់សិប នាក់ ដែល ព្យាយាម ដើរ ក្បួន ទៅ កាន់កន្លែង រៀបចំ កិច្ចប្រជុំ កំពូល អាស៊ី ប៉ាស៊ីហ្វិក ក្នុង ទីក្រុង បាងកក។

មនុស្សប្រមាណ ៥០នាក់ ដែលចេញធ្វើបាតុកម្មដើម្បីប្រឆាំងនឹងព្រឹត្តិការណ៍នេះ និងប្រឆាំងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានគប់ដុំថ្ម ដប និងកែវដែលបែកបាក់ ក្នុងអំឡុងពេលកន្លះម៉ោងនៃការប៉ះទង្គិចជាមួយប៉ូលិសរាប់រយនាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅជិតវិមានប្រជាធិបតេយ្យនៃរាជធានីថៃ ចម្ងាយប្រមាណ ៨ គីឡូ ម៉ែត្រ ពីសាលសន្និសីទដែលលោក ប្រាយុទ្ធ កំពុងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) និងមេដឹកនាំផ្សេងទៀត ក្នុងវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬអេប៉ិច (APEC) ។

ការប៉ះទង្គិចគ្នា ចាប់ផ្តើមនៅពេលដែលក្រុមបាតុករបានអាំងម្ទេសនៅលើឡានមួយគឿងរបស់ប៉ូលិស ហើយផ្សែងក៏ហុយត្រឡោមឡើង ។

ប៉ូលិសថៃ បាន ឲ្យដឹង ថាមានមនុស្ស ២៥ នាក់ ត្រូវ បាន ចាប់ ខ្លួន ដោយ ចោទ ប្រកាន់ ពី បទ បង្ក របួស ស្នាម បំផ្លិចបំផ្លាញ ដុត និង រារាំង មន្ត្រី ប៉ូលិស។

យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Erawan មនុស្សចំនួន ១០ នាក់បានរងរបួសស្រាល នៅក្នុងការប៉ះទង្គិចគ្នា នារសៀលថ្ងៃសុក្រម្សិលមិញ ។

«យើង មិន អាច គ្រប់ គ្រង ស្ថានការណ៍ បាន ទេ ហេតុ ដូច្នេះ ហើយ បាន ជា ការ ប្រើ កម្លាំងគឺ ចាំបាច់ត្រូវធ្វើ» ។ នេះ បើតាមសម្តីឧត្តម សេនីយ៍ ប៉ូលិស ភូមិន្ទ ថៃ អាឆេយុន ក្រៃថុង (Archayon Kraithong) ប្រាប់ អ្នក យក ព័ត៌មាន ក្នុង ទីក្រុង បាងកក។

គួរជ្រាបថា ប៉ូលិសប្រមាណ ២៨ ០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារកិច្ចប្រជុំកំពូល APEC ដែលមានវត្តមានចូលរួមផងដែរ ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងមេដឹកនាំមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង កាណាដា និងអូស្ត្រាលី ។

អតីតមេដឹកនាំរដ្ឋប្រហារលោក ប្រាយុទ្ធ គ្មានប្រជាប្រិយភាពខ្លាំងឡើយ នៅក្នុងប្រទេសថៃ ។ នៅឆ្នាំ ២០២០ ការប្រមូលផ្តុំគ្នាតាមដងផ្លូវដែលដឹកនាំដោយយុវជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បានទាក់ទាញមនុស្ស យ៉ាងច្រើនរហូតដល់រាប់ម៉ឺននាក់ ឱ្យរួមកម្លាំងគ្នា អំពាវនាវឱ្យលោក ប្រាយុទ្ធ លាលែងពីតំណែង ប្រមុខរដ្ឋាភិបាលថៃ។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ នឹង ត្រូវ ប្រឈម មុខ នឹង អ្នក បោះឆ្នោតថៃ នៅ ក្នុង ការ បោះឆ្នោត នា ប៉ុន្មាន ខែ ខាង មុខនេះ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img