បុរសម្នាក់ បានយកដៃគ្រៀកក បណ្ដាលឱ្យគូស្នេហ៍ខ្លួនស្លាប់ភ្លាមៗក្នុងបន្ទប់ជួលមួយកន្លែងក្នុងក្រុងសៀមរាប បន្ទាប់ពីទាស់សំដីគ្នា ចោទភាគីខាងស្រីដែលមានសង្សារថ្មី។
ភ្លើងប្រច័ណ្ឌ បុរសម្នាក់បានសម្លាប់គូស្នេហ៍ក្នុងបន្ទប់ជួល បង្កជាកាភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះជួល និងអ្នកក្បែរខាង ក្រោយកើតមានក្លិនស្អុយចេញពីកន្លែងកើតហេតុក។ តាមសមត្ថកិច្ច ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងថា ម្ចាស់ផ្ទះបានរាយការណ៍ដល់សមត្ថកិច្ចថា ក្នុងបន្ទប់ជួលមានធំក្លិនស្អុយ។ លុះពេលសមត្ថកិច្ចទៅពិនិត្យមើល ឃើញទ្វារបន្ទប់ចាក់សោរពីខាងក្រៅ ហើយនៅពេលគោះទ្វារឃើញក្នុងបន្ទប់បើកភ្លើងចោល លុះមើលតាមបង្អួចឃើញមានមនុស្សប្រុសម្នាក់ សមត្ថកិច្ចហៅក៏មិនឆ្លើយតប ហើយឱ្យបើកក៏គេមិនព្រមបើក។
សមត្ថកិច្ច បានសហការជាមួយម្ចាស់ផ្ទះ គាស់ទ្វារបន្ទប់ចូល ហើយឃើញមនុស្សប្រុសម្នាក់ដេកឱបសាកសពលើគ្រែ។ បុរសនោះ បានសារភាពថា ខ្លួនពិតជាសម្លាប់គូស្នេហ៍ខ្លួនពិតមែន មូលហេតុដោយសារភ្លើងប្រច័ណ្ឌ។
លោកវរសេនីយ៍ទោ ដា ចំរើន បានបន្តថា ជនសង្ស័យគឺមានគ្រួសាររួចហើយ ប៉ុន្តែគាត់លួចមានស្រីស្នេហ៍ និងរស់នៅបន្ទប់ជួលជាមួយគ្នា ហើយបានកើតភ្លើងប្រច័ណ្ឌខាងស្រីថាមានប្រុសផ្សេង ក៏ឈ្លោះប្រតាយប្រតប់គ្នា ហើយយកដៃគ្រៀកករខាងស្រីរហូតដល់ថប់ដង្ហើមស្លាប់។
ជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតនៅខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។ ចំណែកសពរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាប កំពុងសួរនាំនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់៕
ដោយគីរីដងរែក