(កៀវ)៖ រុស្ស៊ី បានតែងតាំងមេបញ្ជាការថ្មីម្នាក់ឱ្យដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូទទួលរងបរាជ័យជាបន្តបន្ទាប់ នៅចំពោះមុខការវាយបកយ៉ាង លឿនរហ័សពីសំណាក់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ភាគខាងកើត និងខាងត្បូងនៃប្រទេស។
ការប្រកាសតែងតាំងមេបញ្ជាការថ្មីខាងលើ ធ្វើឡើងដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី៨ ខែតុលានេះ។ លោកឧត្ដមសេនីយ៍ សឺហ្គៃ ស៊ូរ៉ូវីគីន (Sergey Surovikin) ត្រូវបានតែងតាំងជាមេបញ្ជាការថ្មី ដើម្បីដឹកនាំប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាសង្រ្គាមឈ្លានពានជំនួសលោក ឧត្ដមសេនីយ៍ អាឡិចហ្សាន់ឌឺ ឌីវ័រនីកូវ (Alexander Dvornikov)។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក Dvornikov ត្រូវបានតែងតាំងជាមេបញ្ជាការដឹកនាំសង្រ្គាម នៅអ៊ុយក្រែន តែខាងវិមានក្រឹមឡាំងមិនដែលបានប្រកាសពីការតែងតាំងនេះជាផ្លូវការឡើយ។ ដូច្នេះ នេះគឺជាលើកដំបូងបំផុតដែលក្រសួងការពារជាតិរុស្ស៊ីប្រកាស តែងតាំងមេបញ្ជាការសង្រ្គាមថ្មីជាផ្លូវការ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
*តើលោក Surovikin ជានរណា?
លោក Surovikin មានអាយុ ៥៥ឆ្នាំ កើតនៅក្នុងតំបន់ណូវ៉ូស៊ីបឺស (Novosibirsk) នៃតំបន់ស៊ីបេរី។ លោកធ្លាប់ដឹកនាំកងកម្លាំងទ័ពអាកាសស៊ីរី និងអវកាសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៧មក។ លោក Surovikin បានប្រឡូកនៅក្នុងសមរភូមិសង្រ្គាម អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន និងតំបន់ឆេឆេនី ព្រមទាំង នៅប្រទេសស៊ីរីផងដែរ ជាទីដែលរុស្ស៊ីធ្វើអន្តរាគមន៍យោធាជួយរដ្ឋាភិបាលរបស់លោក បាស្ហា អាល់សាដ នៅឆ្នាំ២០១៥មក។ លោក Surovikin ត្រូវបានគេជឿជាក់ថា បានដឹកនាំប្រតិបត្តិការនៅសមរភូមិសង្រ្គាម ក្នុងតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែន មួយរយៈធំមកហើយ បើទោះជាមិនមានការទទួលស្គាល់ជាផ្លូវការក៏ដោយ។
មុនត្រូវបានតែងតាំងជាមេបញ្ជាការដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន លោក Surovikin ធ្លាប់បានកាន់តួនាទីជាច្រើននៅក្នុងជួរយោធារុស្ស៊ី ហើយលោកក៏ធ្លាប់ត្រូវបាន គេចាត់ទុកថាជាបេក្ខជនម្នាក់ មានលទ្ធភាពខ្ពស់ជាងគេដែលអាចនឹងត្រូវបានតែងតាំងជានាយអគ្គសេនាធិការកងទ័ពរុស្ស៊ី នៅពេលអនាគតផងដែរ។ លោក Surovikin ធ្លាប់រស់នៅក្នុងតំបន់ឆេឆេនី នៅដើមទសវត្សរ៍ឆ្នាំ២០០០។ លោកធ្លាប់ជាប់ពន្ធនាគារជាង ៦ខែ ក្រោយកងទ័ពនៅក្រោមបង្គាប់របស់លោកបានសម្លាប់បាតុករ៣នាក់ នៅក្នុងទីក្រុងមូស្គូ អំឡុងការធ្វើរដ្ឋប្រហារមិនបានសម្រេចមួយកាលពីខែសីហា ឆ្នាំ១៩៩១។ ប៉ុន្តែ លោកត្រូវបានដោះលែងឱ្យមានសេរីភាពដោយមិនបានឆ្លងកាត់ សវនាការជំនុំជម្រះនោះទេ។ នេះបើតាមឯកសារមួយចេញផ្សាយដោយវិទ្យាស្ថាន Jamestown Foundation មានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន។
មិនតែប៉ុណ្ណោះ ឯកសារដដែលក៏បានឱ្យដែរថានៅក្នុងឆ្នាំ១៩៩៥ លោក Surovikin ដែលក្រុមសិទ្ធិមនុស្សហៅថាជា «បុរសដៃឆៅ» ទទួលបានការព្យួរការអនុវត្តទោស ជាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធខុសច្បាប់ ហើយក្រោយមក ទោសរបស់លោកត្រូវបានលុបចោល។ សហភាពអឺរ៉ុប បានដាក់លោក Surovikin ទៅក្នុងបញ្ជីទណ្ឌកម្ម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ពោលគឺមួយថ្ងៃមុនរុស្ស៊ីឈ្លានពានអ៊ុយក្រែន៕




ប្រែសម្រួលដោយគីរីដងរែក




