បុរស ៣នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួន និងចោទប្រកាន់ពីបទ លួចចូលរោងចក្រស្បែកជើង របស់ជនជាតិចិន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយលួចយកស្បែកជើងជិត៤០០គូ និង លុយមួយចំនួន។
លោកវរសេនីយ៍ទោ តាំង វណ្ណារី អធិការរងនគរបាលខណ្ឌដង្កោ បានប្រាប់កាសែតខ្មែរថាមស៍ នៅថ្ងៃអង្គារនេះថា ជនសង្ស័យ៣នាក់មាន ឈ្មោះ៖ ទី១-ឈ្មោះ ប៉ាក លី ហៅចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករសំណង់។ ទី២-ឈ្មោះ លេង វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ កម្មករសំណង់។ និង ទី៣-ឈ្មោះ ផា ចាន់រិទ្ធ ហៅការ៉ូ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់តាក់ស៊ី។
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-26_09-44-51.jpg)
ចំណែកឯបក្ខពួក២នាក់ទៀត ឈ្មោះសឿន ហៅ អាខ្មៅ ( ជាមេក្លោង )និង ឈ្មោះ រ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ បានរត់គេចខ្លួន។
លោកបន្តថា ក្នុងចំណោមជនទាំង៣នាក់នោះ ឈ្មោះលី និង ឈ្មោះវិចិត្រ ត្រូវបានចោទប្រកាន់ពីបទ«លួចមានស្ថានទម្ងន់ទោស» តាមមាត្រា ៣៥៣ និង ៣៥៧ នៃក្រមព្រហ្មទណ្ឌ ហើយប្រឈមនឹងការជាប់ពន្ធនាគារពី ៤ ទៅ ១០ ឆ្នាំ។ រីឯ ឈ្មោះចាន់រិទ្ធ ត្រូវបានចោទប្រកាន់ពីបទ«ទទួលទំនិញលួច» តាមមាត្រា ៣៩៩ និង ៤០០ នៃក្រមព្រហ្មទណ្ឌ ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។
តុលាការក៏បានចោទប្រកាន់កំបាំងមុខបក្ខពួក២នាក់ទៀតឈ្មោះ សឿន និង ឈ្មោះរ័ត្ន ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងសំណុំរឿង«លួចមានស្ថានទម្ងន់ទោស» និងមានដីកាចាប់ខ្លួនផងដែរ។
សូមរំលឹកថា កាលពីវេលាម៉ោង ២ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី ១២ ខែ ឧសភា បុរស ៤ នាក់ បាន ចូល ទៅ ក្នុង រោងចក្រ ផលិត ស្បែក ជើង របស់ ក្រុមហ៊ុន ចិនWing Star Shoes Co Ltd ស្ថិត ក្នុង ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ហើយ ឈ្មោះ ចាន់រិទ្ធ រង់ចាំនៅខាងក្រៅក្នុងរថយន្ត។
បន្ទាប់ពីលួចចូលរោងចក្រ ក្រុមនេះបានយកស្បែកជើងចំនួន ៣៣ កេសដែលមានស្បែកជើង៣៩៤គូ តម្លៃជិត៥ ពាន់ដុល្លារ និងលុយ មួយចំនួនរួចក៏រត់គេចខ្លួនបាត់ស្រមោល។ ក្រោយមកពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅផ្ទះជួលក្នុងសង្កាត់ពងទឹកខណ្ឌដង្កោ ។
លោកវរសេនីយ៍ទោ តាំង វណ្ណារី អធិការរងនគរបាលខណ្ឌដង្កោ បានប្រាប់ខ្មែរថាមស៍កាលពីម្សិលមិញថា ក្រុមនេះ ត្រូវបានចាប់ខ្លួនដោយផ្អែកលើវីដេអូពី CCTV របស់រោងចក្រ។
ដោយឡែក ក្រោយការចាប់ខ្លួនពួកគេ កម្លាំងនគរបាល រឹប អូស ស្បែកជើង និង រថយន្ត១គ្រឿង ពី ក្រុមនេះបានមកវិញ៕
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-26_09-45-07-819x1024.jpg)
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-26_09-45-04.jpg)
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-26_09-45-01-1024x682.jpg)
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-26_09-44-57.jpg)
ដោយគីរីដងរែក