“ខ្ញុំពិតជារីករាយណាស់ដែលបានមកដល់ទីនេះ ប្រទេសចិនមានទីផ្សារប្រើប្រាស់ដ៏មានសក្តានុពលយ៉ាងខ្លាំង វាមានអំណោយផលដល់ការផ្សព្វផ្សាយកាហ្វេដែលផលិតដោយប្រទេសយើង ។” លោក Da Costa ពាណិជ្ជករចូលរួមពិព័រណ៍មកពីទីម័រខាងកើតដែលបានអញ្ជើញមកប្រទេសចិនជាលើកដំបូងបានថ្លែងដូចពោលខាងលើ ។ នេះគឺជាលើកដំបូងហើយដែលទីម័រខាងកើតបានបង្ហាញមុខក្នុងនាមជារដ្ឋសមាជិកផ្លូវការនៃអាស៊ាន និងជាសហម្ចាស់ផ្ទះនៃពិព័រណ៍ចិន-អាស៊ាន បន្ទាប់ពីបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ២០២៥ ។ នេះក៏ជាលើកទីមួយដែលរដ្ឋសមាជិកទាំង១១របស់អាស៊ានបានជួបជុំគ្នានៅទីក្រុង Nanning បន្ទាប់ពីការពង្រីកសមាជិកអាស៊ាន ដែលជាពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់“រង្វង់មិត្តភក្តិ”នៃពិព័រណ៍ចិន-អាស៊ាន ។

ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែកញ្ញា ពិព័រណ៍ចិន-អាស៊ានលើកទី២៣បានបើកធ្វើនៅក្រុងNanning ភូមិភាគស្វយ័ត Guangxi ។ ឆ្នាំនេះគឺជាខួបទី៥ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ហើយក៏ជាឆ្នាំគន្លឹះសម្រាប់ការពន្លឿនការអនុវត្តជាក់ស្តែងបន្ទាប់ពីបានចុះហត្ថលេខាលើពិធីសារស្តីពីការលើកកម្ពស់កម្រិតនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០ផងដែរ ។ ក្នុងបរិបទបែបនេះ ពិព័រណ៍ចិន-អាស៊ានលើកនេះបានដើរតួនាទីជាវេទិកា តាមរយៈការស្វែងរកថ្មី ជុំវិញប្រធានបទ“រួមគ្នាចែករំលែកកាលានុវត្តភាព៣.០ ត្រួសត្រាយជីវភាពដ៏ល្អបវរជាមួយគ្នា” ដើម្បីជួយកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ ។
ការបម្រើការកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ៣.០គឺជាប្រធានបទគន្លឹះមួយនៃពិព័រណ៍ចិន-អាស៊ានលើកនេះ ។
នៅក្នុងពិព័រណ៍ ឥស្សរជនមកពីមជ្ឈដ្ឋានផ្សេងៗនៃប្រទេសចិននិងអាស៊ានបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជុំវិញការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃមជ្ឈដ្ឋានពាណិជ្ជកម្មនិងឧស្សាហកម្ម ។“ការជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ ៣.០ឱ្យកាន់តែស៊ីជម្រៅបានបង្កើតលក្ខខណ្ឌមានអំណោយផលដល់ភាគីនានាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា សេដ្ឋកិច្ចឌីជីថល បៃតងនិងកាបូនទាប និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។ មជ្ឈដ្ឋានពាណិជ្ជកម្មនិងឧស្សាហកម្មមិនត្រឹមតែជាអ្នកទទួលផលប្រយោជន៍ពីក្បួនច្បាប់ពាណិជ្ជកម្មសេរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកកសាងនៃការច្នៃប្រឌិតថ្មីខាងប្រព័ន្ធរបបនិងដំណើរការសមាហរណកម្មផងដែរ ។” លោកស្រី Lin Honghong អនុប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានថ្លែងថា ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិរីករាយរួមជាមួយស្ថាប័នពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសអាស៊ាននានា ដើម្បីប្រែក្លាយភាគលាភនៃក្បួនច្បាប់ឱ្យទៅជាសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែង ។

អ្នកឧកញ៉ាលី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានថ្លែងថា កម្ពុជាកំពុងជំរុញការធ្វើបរិវត្តកម្មនិងលើកកម្ពស់កម្រិតឧស្សាហកម្មយ៉ាងសកម្ម ហើយសូមស្វាគមន៍សហគ្រាសចិនឱ្យពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពលបៃតង ផលិតកម្មទំនើប កសិកម្មទំនើប និងតំបន់ភស្តុភារកម្មជាដើម ។ លោក Veerachai Monsintorn អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបានថ្លែងថា បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ព្រែកជីក Pingluជាផ្លូវការ ការដឹកជញ្ជូនតាមផ្លូវទឹកពីទីក្រុងបាងកកទៅទីក្រុង Nanning នឹងមានភាពកាន់តែងាយស្រួល ហើយព្រែកជីក Pinglu នឹងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់ពាណិជ្ជកម្មចិន-អាស៊ាននាពេលអនាគត និងបង្កើតផលចំណេញកាន់តែច្រើន ។
ក្នុងរយៈពេល២៣ឆ្នាំកន្លងទៅនេះ ផលិតផលថ្មីបានបន្តបង្ហាញមុខក្នុងពិព័រណ៍ចិន-អាស៊ាន ទម្រង់សហប្រតិបត្តិការរវាងពាណិជ្ជករត្រូវអាប់ដេតជាបន្តបន្ទាប់ ហើយការស្គាល់គ្នានិងការផ្លាស់ប្តូររវាងមនុស្សនិងមនុស្សក៏ត្រូវបានបន្តជាប់រហូតដែរ ។ បច្ចុប្បន្ននេះ ដោយពឹងផ្អែកលើការជួយឧបត្ថម្ភពីបញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងពាណិជ្ជករចិននិងអាស៊ានមានភាពកាន់តែងាយស្រួល ។ បន្ទាប់ពីផលិតផលបច្ចេកវិទ្យាAI ជាង ១ ពាន់បានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ចិន-អាស៊ានកាលពីឆ្នាំមុន នៅឆ្នាំនេះ វិស័យបញ្ញាសិប្បនិម្មិតនៃពិព័រណ៍ចិន-អាស៊ានបានអាប់ដេតម្តងទៀត ដោយបង្កើត “ផ្សារលក់ផលិតផលAI” ជាលើកដំបូង ។ សហគ្រាសជាង ៧០និងផលិតផលជាង៥០០ មុខត្រូវដាក់លើធ្នើដោយផ្ទាល់ ដោយសម្រេចឱ្យផលិតផលAI ផ្លាស់ប្តូរពី “អាំចមើលឃើញ” ទៅជា “យកតាមខ្លួនបាន” ។

កាលពីថ្ងៃទី ១៦ ខែកញ្ញា ព្រែកជីក Pinglu ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយខ្សែផ្លូវដឹកជញ្ជូនពាណិជ្ជកម្មបរទេសតាមទន្លេនិងសមុទ្រដោយផ្ទាល់ “ពីកំពង់ផែណាននីងដល់កំពង់ផែCan Thoរបស់វៀតណាម” ក៏បានធ្វើនាវាចរណ៍ជាលើកដំបូងក្នុងពេលដំណាលគ្នាផងដែរ ដោយទំនិញក្រុមដំបូងបានចេញដំណើរពីកំពង់ផែណាននីង ឆ្លងកាត់ព្រែកជីក Pingluចូលទៅឈូងសមុទ្រBeibu និងឆ្ពោះទៅកាន់អាស៊ាន ។ទំនិញតាំងពិព័រណ៍បានឆ្លងកាត់សមុទ្រមក ហើយនាវាដឹកទំនិញធ្វើដំណើរតាមទន្លេចាកចេញ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរថ្មីនៃការតភ្ជាប់គ្នារវាងចិននិងអាស៊ាន ។ ផ្លូវថ្មីនេះទាក់ទាញក្រសែភ្នែករបស់ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃអាស៊ាន ។ លោកស្រី Siwadee Suksawate ប្រធានការិយាល័យក្រុងក្វាងចូវនៃគណៈកម្មាធិការជំរុញការវិនិយោគថៃបានថ្លែងថា ការដាក់ឱ្យប្រើប្រាស់ព្រែកជីក Pinglu នឹងធ្វើឱ្យផ្លូវដឹកជញ្ជូនភស្តុភារកម្មថៃ-ចិនមានភាពកាន់តែរលូន និងជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងភាគីទាំងពីរ ។ ផ្លូវថ្មីតភ្ជាប់ភ្នំនិងសមុទ្រ ហើយក៏តភ្ជាប់ទីផ្សារដែលកាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃ ទៅមួយថ្ងៃផងដែរ ។ នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានលើសពី ១ ទ្រីលានដុល្លារអាមេរិកជាលើកដំបូង ។ ចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ានក្នុងរយៈពេល ១៧ ឆ្នាំកន្លងទៅជាប់ៗគ្នា ហើយអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ចិនក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានបានឡើងដល់ ៧៤៤,៤១ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ២៤,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
ទន្ទឹមនឹងបណ្តាញគមនាគមន៍កាន់តែញឹក និងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែញឹកញាប់ ការតភ្ជាប់គ្នារវាងចិននិងអាស៊ានក៏កំពុងពង្រីកទៅកាន់ស្រទាប់កាន់តែស៊ីជម្រៅ ពោលគឺពីការតភ្ជាប់ខាងផ្លូវទៅរកការតភ្ជាប់ខាងក្បួនច្បាប់ ។ បណ្តាញតភ្ជាប់គ្នាដែលកាន់តែជិតស្និទ្ធិរវាងចិននិងអាស៊ានកំពុងពង្រឹងនិងពង្រីកលំហថ្មីនៃការបើកទូលាយ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ៕
ដោយគិរីដងរែក




