26.2 C
Phnom Penh
Monday, November 3, 2025
- Advertisement -spot_img

បទវិភាគ៖ចិននិងកូរ៉េខាងត្បូងជាប្រទេសជិតខាងដែលមិនអាចរើចេញបាននិងជាដៃគូដែលមិនអាចបំបែកបាន

- Advertisement -spot_img

យប់ថ្ងៃទី១ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើមាតុភូមិនិវត្តន៍មកដល់ក្រុងប៉េកាំងវិញបន្ទាប់ពីបានបញ្ចប់ការចូលរួមសន្និសីទក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េខាងត្បូង ។ ក្នុងនោះ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅកូរ៉េខាងត្បូងលើកនេះគឺជា “ការទៅលេងផ្ទះអ្នកជិតខាងដើម្បីសួរសុខទុក្ខមិត្តភក្តិ” បន្ទាប់ពីរំលងអស់រយៈពេល១១ឆ្នាំ ហើយក៏ជាកិច្ចជំនួបពិភាក្សាលើកដំបូងរវាងប្រមុខរដ្ឋចិននិងកូរ៉េខាងត្បូងបន្ទាប់ពីលោក Lee Jae-myung ឡើងកាន់មុខតំណែងជាប្រធានាធិបតីផងដែរ ។ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនលើកនេះបានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌មនុស្សជាតិជាដើមរវាងចិននិងកូរ៉េខាងត្បូង ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងនឹងទទួលដំណាក់កាលអភិវឌ្ឍន៍ថ្មី ។

ក្នុងនាមជាប្រទេសជិតខាងនិងដៃគូសហប្រតិបត្តិការដ៏សំខាន់ ចាប់ពីបានបង្កើតទំនាក់ទំនងផ្លូវទូតនៅឆ្នាំ១៩៩២មក ចិននិងកូរ៉េខាងត្បូងបានជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងវិបុលភាពរួម ។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិននិងកូរ៉េខាងត្បូងនៅឆ្នាំ២០២៤បានកើនឡើងលើសពី៦០ដងបើប្រៀបធៀបនឹងកាលពីបង្កើតទំនាក់ទំនងផ្លូវទូតដំបូងៗ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់កូរ៉េខាងត្បូងក្នុងរយៈពេល២១ឆ្នាំជាប់ៗគ្នា ហើយកូរ៉េខាងត្បូងគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ចិន ។ល។

ក្នុងរយៈពេល៣៣ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការរវាងចិននិងកូរ៉េខាងត្បូងទទួលបានសមិទ្ធផលផង ហើយក៏ឆ្លងកាត់ឧបសគ្គផងដែរ ។បច្ចុប្បន្ននេះ តើនឹងត្រួសត្រាយស្ថានភាពថ្មីនៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងតាមរបៀបណា? លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងសំណើ៤ចំណុចគឺ ៖ “បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ពង្រឹងមូលដ្ឋានគ្រឹះនៃការកសាងទំនុកចិត្តគ្នា” “ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញេទៅមក ពង្រឹងខ្សែសង្វាក់ផលប្រយោជន៍ឱ្យកាន់តែរឹងមាំ” “លើកកម្ពស់មនោសញ្ចេតនារបស់ប្រជាជន ជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន” និង“ធ្វើឱ្យកិច្ចសហប្រតិបត្តិការពហុភាគីមានភាពជិតស្និទ្ធ រួមគ្នាជំរុញការអភិវឌ្ឍដោយសន្តិភាព” ។

លោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងថា ភាគីកូរ៉េខាងត្បូងយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន រីករាយខិតខំប្រឹងប្រែងជាមួយភាគីចិន ដើម្បីជំរុញឱ្យទំនាក់ទំនងសហប្រតិបត្តិការដ៏មេត្រីភាពទ្វេភាគីទទួលបានការអភិវឌ្ឍកាន់តែធំឡើង ។ការកសាងទំនុកចិត្តខាងនយោបាយជាមូលដ្ឋាននៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូង។ ប្រឈមមុខនឹងបម្រែបម្រួលដ៏ស្មុគ្រស្មាញនៃបរិយាកាសអន្តរជាតិ ចិននិងកូរ៉េខាងត្បូងប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតទំនាក់ទំនងផ្លូវទូត ទប់ស្កាត់ការរំខានពីខាងក្រៅ អភិវឌ្ឍរួមគ្នាដោយគោរពគ្នាទៅវិញទៅមកនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងការស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា នេះគឺជាចំណែកដ៏គន្លឹះបំផុតក្នុងការត្រួសត្រាយស្ថានភាពថ្មីនៃទំនាក់ទំនងទ្វេភាគី ។
កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជា “យុថ្កាសម្រាប់លំនឹងនាវា”នៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូង ។ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកូរ៉េខាងត្បូងឡើងដល់៣២៨ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង៥,៦ភាគរយ ។

តាមរបាយការណ៍នៃធនាគារនាំចេញនាំចូលរបស់កូរ៉េខាងត្បូងនិងវិទ្យាស្ថានសិក្សាស្រាវជ្រាវឧស្សាហកម្មកូរ៉េខាងត្បូងកាលពីខែឧសភាឆ្នាំនេះបានបង្ហាញឱ្យដឹងថា ប្រទេសទាំងពីរចិននិងកូរ៉េខាងត្បូងបង្កើតបានជាការបំពេញបន្ថែមឧត្តមភាពគ្នាកម្រិតខ្ពស់ក្នុងវិស័យខ្សែសង្វាក់ឧស្សាហកម្មគន្លឹះដូចជាវត្ថុពាក់កណ្ដាលចម្លងនិងថ្មពិលជាដើម ។ ក្នុងនាមជាអ្នកទទួលផលប្រយោជន៍និងអ្នកជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចចិននិងកូរ៉េខាងត្បូងក៏មានគំនិតឯកភាពរួមក្នុងវិស័យធ្វើពហិការចំពោះ“ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច”និងគាំពារស្ថិរភាពនិងភាពរលូននៃពាណិជ្ជកម្មសេរីនិងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដែរ ។

ការជួយដល់ជិតខាងក៏ជួយដល់ខ្លួនឯង ។ បច្ចុប្បន្ននេះ និន្នាការកែលម្អទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងទៅរកភាពល្អប្រសើរ គឺទទួលបានដោយមិនងាយទេ យើងគួរថែរក្សានិងឱ្យតម្លៃទ្វេដង។ ឈរនៅទីចាប់ផ្តើមថ្មី ចិននិងកូរ៉េខាងត្បូងដែលជាប្រទេសជិតខាងដែលមិនអាចរើចេញបាននិងជាដៃគូសហប្រតិបត្តិការដែលមិនអាចបំបែកបាននឹងចេញដំណើរទៅមុខម្តងទៀត ការអនុវត្តជាក់ស្តែងឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ វាមិនត្រឹមតែមានអំណោយផលដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងបំពេញបន្ថែមកម្លាំងវិជ្ជមានសម្រាប់សន្តិភាពនិងវិបុលភាពរបស់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកផងដែរ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img