ក្នុងរយៈពេល១១ឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមនេះបានបង្កើតរឿងរ៉ាវស្តីពីការតភ្ជាប់គ្នានិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដ៏ច្រើនរាប់មិនអស់ ដែលនាំឱ្យពិភពលោកទទួលអារម្មណ៍យ៉ាងពិតប្រាកដថា ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលទទួលប្រជាប្រិយភាពបំផុតនិងជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលមានទ្រង់ទ្រាយធំបំផុត ។
កាលពីថ្ងៃទី២ខែធ្នូ ពេលអញ្ជើញចូលរួមពិធីសំណេះសំណាលលើកទី៤ស្តីពីការងារកសាង “ខ្សែក្រវាត់និងផ្លូវ” នៅក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានវាយតម្លៃយ៉ាងពេញលេញចំពោះសមិទ្ធផលដ៏សំខាន់ដែលទទួលបានក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានធ្វើការរៀបចំចាត់តាំងដោយគ្រប់ជ្រុងជ្រោយចំពោះការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” នាពេលបច្ចុប្បន្ននិងក្នុងមួយរយៈពេលខាងមុខ ហើយគូសបញ្ជាក់ថា ត្រូវត្រួសត្រាយលំហអភិវឌ្ឍន៍ថ្មីសម្រាប់ការអភិវឌ្ឍឈ្ន-ឈ្នះដែលប្រកបដោយកម្រិតកាន់តែខ្ពស់ មានភាពធន់កាន់តែខ្លាំងក្លានិងកាន់តែមាននិរន្តរភាពជាបន្តបន្ទាប់ ។
មានអ្នកជំនាញបានលើកឡើងថា ពិធីសំណេះសំណាលលើកនេះនឹងនាំមកនូវជំនឿចិត្តនិងភាពប្រាកដប្រជាដ៏មានតម្លៃដល់ការអភិវឌ្ឍសកលដែលបង្ហាញថា ចិនផ្តួចផ្តើមយ៉ាងមុតមាំនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន នឹងជំរុញឱ្យប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នាខាងអរិយធម៌ថែមមួយកម្រិតទៀត ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមក្នុងកម្រិតកាន់តែខ្ពស់ និងស្រទាប់កាន់តែស៊ីជម្រៅ ។
បច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិមានភាពស្មុគស្មាញនិងតឹងរ៉ឹង ។ ឯកតោភាគីនិយមនិងការពារនិយមបានងើបឡើងវិញយ៉ាងច្បាស់លាស់ ការប៉ះទង្គិចនិងបដិបក្ខគ្នានៅតំបន់មួយចំនួនមានភាពកាន់តែខ្លាំងក្លា ហើយសេដ្ឋកិច្ចពិភពលោកងើបឡើងវិញដោយទន់ខ្សោយ ។
តើត្រូវវាយតម្លៃយ៉ាងណាចំពោះស្ថានការណ៍ដែលការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ត្រូវប្រឈមមុខ?លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើការវិនិច្ឆ័យដ៏សំខាន់ក្នុងពិធីសំណេះសំណាលថា ក្នុងដំណើរការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” កាលានុវត្តភាពបានស្ថិតនៅជាមួយបញ្ហាប្រឈម ប៉ុន្តែបើមើលជាទូទៅគឺមានកាលានុវត្តភាពច្រើនជាងបញ្ហាប្រឈម ។ នេះបានបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងកាយចិត្តក្នុងការត្រួសត្រាយអនាគតកាន់តែភ្លឺស្វាងនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។ ក្នុងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ តើនឹងពង្រឹងលំហថ្មីសម្រាប់ការអភិវឌ្ឍឈ្នះ-ឈ្នះតាមរបៀបណា? លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ពី “ការផ្សារភ្ជាប់ចំនួន៤” “ការរៀបចំចាត់ចែងចំនួន៣” ព្រមទាំង“ការកែលំអចំនួន៩”ក្នុងកិច្ចកសាងយន្តការដើម្បីតម្រង់ទិសដៅបោះជំហានទៅមុខសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” នៅរយៈពេល១០ឆ្នាំមាសបន្ទាប់ ។
ចាប់ពីគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានប្រសូតឡើងមក “ការតភ្ជាប់”គឺជាខ្លឹមសារសំខាន់ជាស្នូល ។ ធ្វើឱ្យស៊ីជម្រៅដោយឯកភាពនូវ “ការតភ្ជាប់រឹង”ខាងហេដ្ឋារចនាសម្ព័ន្ធ “ការតភ្ជាប់ទន់”ខាងក្រឹតក្រមនិងស្តង់ដារ និង“ការតភ្ជាប់ដួងចិត្ត”រវាងប្រជាជននៃប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គូសបញ្ជាក់ពីការកែលំអយន្តការជំរុញកិច្ចសម្របសម្រួលនៃ “ការតភ្ជាប់រឹង” “ការតភ្ជាប់ទន់”និង “ការតភ្ជាប់ដួងចិត្ត”។ល។ ពាក្យសម្តីដ៏សំខាន់ទាំងនេះក្នុងពិធីសំណេះសំណាលលើកនេះ នឹងពង្រឹងខ្សែមេនៃការតភ្ជាប់គ្នាថែមមួយកម្រិតទៀត និងបំផុសកម្លាំងចលករអភិវឌ្ឍន៍នៃប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។
“ភាពថ្មី”ជាខ្លឹមសារដែលការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់គួរតែមាន ។ បច្ចុប្បន្ននេះ ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម កិច្ចសហប្រតិបត្តិការក្នុងវិស័យងើបឡើងថ្មីដូចជាភាពបៃតង ឌីជីថលនិងច្នៃប្រឌិតថ្មីជាដើមនឹងបង្កើតចំណុចកំណើនថ្មី ។
ការសម្រេចបាននូវការធ្វើទំនើបកម្ម ជាការស្វែងរករួមនៃប្រទេសនានា ។ នៅរយៈពេល១០ឆ្នាំមាសបន្ទាប់ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់នឹងបំពេញបន្ថែមកម្លាំងចលករថ្មីក្នុងសេដ្ឋកិច្ចពិភពលោក នឹងនាំមកនូវឱកាសថ្មីសម្រាប់ឱ្យប្រទេសនានាសម្រេចបាននូវការធ្វើទំនើបកម្មជាមួយគ្នា ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕
ដោយគិរីដងរែក