យប់ថ្ងៃទី២៣ខែសីហា នៅព្រលានយន្តហោះអន្តរជាតិEjin Horoនៅក្រុងOrdosនៃភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង លោកRonald Sakolsky ជាមិត្តភក្តិជនជាតិអាមេរិកម្នាក់ដែលបានធ្វើដំណើរដ៏វែងឆ្ងាយមកកាន់ប្រទេសចិនបានឱបក្រសោបលោកស្រីYin Yuzhen ដែលជាវីរនារីចិនក្នុងការបង្ការនិងគ្រប់គ្រងរហោឋានកម្ម ។ ជំនួបម្តងទៀតដែលរំលងអស់រយៈពេលជាង២០ឆ្នាំ ត្រូវបានផ្សព្វផ្សាយតៗគ្នាជាបន្តបន្ទាប់លើបណ្តាញទំនាក់ទំនងសង្គម ។ អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៃប្រទេសចិននិងអាមេរិកបាននាំគ្នា Commentក្នុងបណ្តាញទំនាក់ទំនងសង្គមថា “នេះគឺជាសេចក្តីស្រឡាញ់ និងការដឹងគុណរវាងគ្នានិងគ្នា” “ពិភពលោកត្រូវការរឿងរ៉ាវស្តីពីកិច្ចសហប្រតិបតិ្តការមនុស្សជាតិនិងការរួមគ្នាបង្កើតភាពល្អបវរបែបនេះកាន់តែច្រើន” ។ល។

កាលពីឆ្នាំ១៩៩៩ លោកRonald Sakolsky គ្រូបង្រៀនជនជាតិអាមេរិកដែលកំពុងបង្រៀននៅប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងរ៉ាវរបស់លោកស្រីYin Yuzhenដែលធ្វើការតស៊ូនៅតំបន់វាលខ្សាច់មូយូស ដើម្បីបង្ការនិងគ្រប់គ្រងរហោឋានកម្មនិងដាំដើមឈើបង្កើតព្រៃ ដូច្នេះ លោកបានរៃអង្គាសប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិកដើម្បីជួយលោកស្រីYin Yuzhen។ បច្ចុប្បន្ននេះ កូនឈើដែលបានទិញដោយប្រាក់រៃអង្គាសនេះបានដុះលូតលាស់ទៅជាដើមឈើធំៗចំនួនជាង៥ម៉ឺនដើម ។ នៅខែឧសភាឆ្នាំនេះ លោកស្រីYin Yuzhen បានស្វែងរកមិត្តភ័ក្តិអាមេរិកម្នាក់នេះតាមរយៈប្រព័ន្ធវីដេអូក្នុងបណ្តាញអ៊ីនធឺណិត ទីបំផុត លោកស្រីបានរកឃើញមិត្តភ័ក្តិអាមេរិកដែលបាត់ទំនាក់ទំនងជាយូរមកហើយ ។ ចំណងមិត្តភាពដែលឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកនេះបានក្លាយជាការឆ្លុះបញ្ចាំងដ៏រស់រវើកនៃការប្រាស្រ័យទាក់ទងនៃសង្គមស៊ីវិលដ៏មេត្រីភាពរវាងចិននិងអាមេរិក។

សព្វថ្ងៃនេះ ការប្រាស្រ័យទាក់ទងដ៏មេត្រីភាពរវាងប្រជាជនចិននិងអាមេរិកបាននិងកំពុងមានសភាពកាន់តែឡើងកម្តៅ។ នៅដើមឆ្នាំ២០២៥ អ្នកប្រើប្រាស់អ៊ីនធឺណិតអាមេរិកជាច្រើនបានចុះឈ្មោះនិងប្រើប្រាស់កម្មវិធីRednote ដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងសកម្មជាមួយអ្នកប្រើប្រាស់អ៊ីនធឺណិតចិន ។ នៅខែឧសភាឆ្នាំនេះ គំនិតផ្តួចផ្តើមស្តីពី”ការអញ្ជើញយុវជននិងក្មេងជំទង់អាមេរិកចំនួន៥ម៉ឺននាក់មកកាន់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំ ដើម្បីធ្វើការផ្លាស់ប្តូរនិងសិក្សា ” បានសម្រេចគោលដៅមុនពេលកំណត់ពីរឆ្នាំកន្លះ ។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមនៅបរទេស ពាក្យពេចន៍ពេញនិយមដូចជា “ការធ្វើទេសចរណ៍នៅប្រទេសចិន”និង”ការក្លាយជាជនជាតិចិន”ជាដើមបានឈរនៅលំដាប់កំពូលនៃតារាងពាក្យពេចន៍ពេញនិយមជាញឹកញាប់។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនTeslaអាមេរិកបានណែនាំជាច្រើនលើកឱ្យជនជាតិអាមេរិក”ទៅទស្សនានិងស្វែងយល់ពីប្រទេសចិន”។
មូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិកត្រូវបានស្រោចស្រពដោយប្រជាជន។ ការឱបក្រសោបរវាងលោកស្រីYin YuzhenនិងលោកRonald Sakolskyបន្ទាប់ពីរំលងអស់រយៈពេលជាង២០ឆ្នាំ បានបំពេញបន្ថែមភាពកក់ក្តៅទៅក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក។ ការពិតជាក់ស្តែងបានបង្ហាញជាថ្មីម្តងទៀតថា ជានិច្ចកាល ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការប្រាស្រ័យទាក់ទងនៃសង្គមស៊ីវិល តែងតែជាប្រភពទឹកសម្រាប់ស្រោចស្រពចំណងមិត្តភាពរវាងចិននិងអាមេរិក។ មេត្រីភាពនិងកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិក គឺជាគោលបំណងរបស់មនុស្សជាទូទៅ ។ នៅខែមេសាឆ្នាំនេះ មជ្ឈមណ្ឌលស្រាវជ្រាវPewរបស់អាមេរិកបានចេញផ្សាយការស្ទង់មតិមួយច្បាប់ដែលបានបង្ហាញថា ចំនួនជនជាតិអាមេរិកដែលមានទស្សនៈវិជ្ជមានចំពោះប្រទេសចិនបានកើនឡើង”ស្ទើរតែទ្វេដង”ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
រឿងរ៉ាវដ៏មេត្រីភាពរវាងចិននិងអាមេរិកគឺសរសេដោយប្រជាជន ។
នៅថ្ងៃទី ២៤ ខែសីហា លោកRonald Sakolskyនិងលោកស្រីYin Yuzhenបានរួមគ្នាវិលត្រឡប់ទៅតំបន់វាលខ្សាច់មូយូសវិញ ហើយបានដាំដើមឈើបីដើម ដែលជានិមិត្តរូបនៃចំណងមិត្តភាព។ អ្វីដែលពួកគេបានដាំមិនត្រឹមតែជាដើមឈើប៉ុណ្ណោះទេ ប៉ុន្តែគឺជាចំណងមិត្តភាពដែលបានឆ្លងកាត់ព្រំដែននិងពេលវេលាទៀតផង។ អ្នកផងទាំងពួងរំពឹងទុកថា ប្រជាជនចិននិងអាមេរិកនឹងបន្តសរសេររឿងរ៉ាវមិត្តភាពកាន់តែច្រើនឡើងៗ ក្នុងន័យធ្វើឱ្យប្រភពទឹកនៃចំណងមិត្តភាពរវាងសង្គមស៊ីវិលចិននិងអាមេរិក បន្តពូនជ្រំនិងបង្កើតអនាគត ដើម្បីធ្វើឱ្យព្រៃឈើនៃចំណងមិត្តភាពចិននិងអាមេរិករីកស្កឹមស្កៃ និងរីកចម្រើន ៕
ដោយគិរីដងរែក




