26 C
Phnom Penh
Thursday, December 26, 2024
- Advertisement -spot_img

បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

- Advertisement -spot_img

កណ្តាល៖ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មានរៀបចំពិធីដាក់ឱ្យដំណើរការបណ្ណាល័យមេគង្គ-ឡានឆាង ដែលជាអំណោយរបស់មូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស ក្រោមអធិបតីភាពរបស់ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ូ ឈាន់ពីង (Wu Chuanbing) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ឡាវ វ៉ាន់ បានលើកទឹកចិត្តដល់សិស្សានុសិស្សនៅក្នុងឃុំខ្ពបនិយាយរួម នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹងនិយាយដោយឡែកក្នុងការលើកកម្ពស់អំណានរបស់ខ្លួន។ ឯកឧត្តមបានថ្លែងនូវអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា និងអង្គពាក់ព័ន្ធនានា ជាពិសេសម្ចាស់អំណោយដែលបានជួយកែលម្អបណ្ណាល័យមេគង្គ-ឡានឆាង នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលបណ្ណាល័យនេះនឹងក្លាយជារតនសម្បត្តិ៤យ៉ាងជូនដល់សិស្សានុសិស្ស នោះគឺ ១-ដោយរាប់បញ្ចូលផងដែរនូវតំណភ្ជាប់ដ៏សំខាន់ជាមួយបណ្តាប្រជាជាតិតាមដងទន្លេមេគង្គ-ឡានឆាង នោះបណ្ណាល័យនេះជាផ្នែកដ៏សំខាន់នៃការតភ្ជាប់ដួងចិត្តរវាងប្រជាជនកម្ពុជានិងប្រជាជនចិន ដែលអាចនឹងក្លាយជាដែកឆក់ដ៏សំខាន់នៅក្នុងការទាក់ទាញទេសចរជនជាតិចិនកាន់តែច្រើនមកកម្ពុជា។ ២-វាជាផ្នែកមួយសំខាន់បម្រើដល់វិស័យអប់រំ ដោយលើកទឹកចិត្តសិស្សានុសិស្សបង្កើនការសិក្សាស្រាវជ្រាវតាំងពីថ្នាក់បឋមសិក្សា។ ៣-ជាមួយនឹងការគាំទ្រពីមិត្តចិន បណ្ណាល័យនេះនឹងត្រៀមខ្លួនតភ្ជាប់បញ្ចូលជាមួយនិងបណ្ណាល័យអេឡិចត្រូនិកដោយពង្រីកវិសាលភាពនៃការអាន ព្រមទាំងបង្កើននវានុវត្តភាពពុទ្ធិផងដែរ។ ៤-ការចូលរួមក្នុងសកម្មភាពនៅបណ្ណាល័យ គឺជាទម្លាប់ល្អមួយក្នុងការលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍជំនាញសង្គមក្លាយជាមូលធនមនុស្សដ៏មានសក្តានុពលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិសំដៅក្លាយជាអ្នកបន្តវេនដ៏រឹងមាំរបស់ប្រទេសជាតិ។

លោក អ៊ូ ឈាន់ពីង (Wu Chuanbing) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានគាំទ្រដល់ប្រសាសន៍របស់លោកស្រី អ៊ីន ជា (Yin Jie) នាយករងនិពន្ធនាយកនៃមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស ដែលបានអះអាងថា កម្មវិធីសប្បុរសធម៌កម្ពុជា «វប្បធម៌អំណានមេគង្គ-ឡានឆាង» ឆ្នាំ២០២៤ បានជំរុញឱ្យ«បណ្ណាល័យមេគង្គ-ឡានឆាង»បើកទំព័រថ្មីរបស់ខ្លួននៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលមិនត្រឹមនាំមកនូវចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានការយកចិត្តទុកដាក់ និងក្តីសង្ឃឹមក្នុងនាមជាដៃគូរបស់សិស្សានុសិស្សក្នុងការស្វែងរកពុទ្ធិតាមរយៈអំណានសៀវភៅដែលរួមចណែកផ្តល់ពន្លឺរស្មីអនាគតដល់កុមារកម្ពុជា។ លោកបានបន្ថែមថា ឆ្នាំនេះគឺជាខួបលើកទី១០នៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយក៏ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ផងដែរ។ ប្រទេសចិននឹងអនុវត្តយ៉ាងសកម្មនូវគោលគំនិតនៃសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ និងគោលគំនិតនៃទំនាក់ទំនងការទូតផ្តោតលើមិត្តភាព ភក្តីភាព ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងបរិយាប័ន្ន ដែលបានដាក់ចេញដោយលោក Xi Jinping ប្រធានរដ្ឋចិន ហើយនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនានាក្នុងបណ្តោយដងទន្លេមេគង្គ ដែលក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ និងធ្វើការរួមគ្នាដើម្បីកសាងតំបន់បន្ស៊ីជាមួយនិង«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ»ប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍតំបន់ពេញលេញជាសាធារណៈនៃ«គំនិតផ្តួចផ្តើមអភិវឌ្ឍសកល» ការបំពេញបទពិសោធន៍តំបន់ដោយថាមពលវិជ្ជមាននៃ«គំនិតផ្តួចផ្តើមសន្តិសុខសកល» និង ការពន្លាតតំបន់ប្រកបដោយគុណតម្លៃនៃ«គំនិតផ្តួចផ្តើមអរិយធម៌សកល» ដើម្បីជំរុញតំបន់ក្នុងកិច្ចកសាងយ៉ាងស៊ីជម្រៅ និងជាក់ស្តែងនៃសហគមន៍ជាមួយអនាគតរួមគ្នាដល់បណ្តាប្រទេសមេគង្គ-ឡានឆាង។

ក្រៅពីទទួលបានបណ្ណាល័យមេគង្គ-ឡានឆាង តាមប្រសាសន៍របស់លោក ស៊ុ លេខ មេឃុំខ្ពប បានបញ្ជាក់ថា សិស្សានុសិស្សសរុបចំនួន២៣៣០នាក់នៅក្នុងឃុំខ្ពបក៏បានទទួលផងដែរនូវកាតាបនិងសម្ភារៈសិក្សាដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ហើយក្នុងនាមរដ្ឋបាលឃុំខ្ពប លោកបានវាយតម្លៃខ្ពស់ចំពោះគុណតម្លៃរបស់បណ្ណាល័យមេគង្គ-ឡានឆាង គឺជាវេទិកាដ៏មានតម្លៃសម្រាប់ការអប់រំរបស់សិស្សានុសិស្ស និងការរួមចំណែកដល់កិច្ចអភិវឌ្ឍឃុំ។ គួរបញ្ជាក់ផងដែរថា តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន នេះជាបណ្ណាល័យមេគង្គ-ឡានឆាង ទី២ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយបណ្ណាល័យមេគង្គ-ឡានឆាង ទី១ ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រហារ ស្រុកមេសាង ខេត្តព្រៃវែង៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img