កំពង់ធំះ នៅព្រឹកថ្ងៃ សុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ដែលជាថ្ងៃកាន់បិណ្ឌទី ៦ នៃរដូវកាលបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា និងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន នៃកងយោពលខេមរភូមិន្ទ ដែលបានពលីជីវិតដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី ដែលរងនៅការរំលោភឈ្លានពានពីរពួកទាហានសៀម ដែលបានទន្ទ្រានចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកស្រី នួន វិធាវី សោមស៊ុន ព្រមទាំងមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយាយ៉ាងច្រើនកុះករផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបានមូលមតិឯកភាពគ្នា ដើម្បីរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈកម្មាភិបាលយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ ដោយឡែកឆ្នាំនេះ ថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារយ៉ាងច្រើនកុះករ ក្នុងការចូលរួមរៀបចំកម្មវិធីនេះ ដើម្បីជាការដឹងគុណដល់កម្មាភិបាលយុទ្ធជន ដែលបាន ពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិលផង និងដល់វីរយុទ្ធជននៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា នៃយើងផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃអំណរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់ ព្រមទាំងក្រុមគ្រួសារដែលបានចូលរួមក្នុងកម្មវិធីនេះ និងបានលះបង់ថវិកាផ្ទាល់ខ្លួន តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ក្នុងការប្រគេនបច្ច័យដល់ព្រះសង្ឃ សម្រាប់ការរៀបចង្ហាន់ព្រះសង្ឃ ក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយឡែកអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានប្រគេនស្បៀងអាហារ គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ព្រមទាំងបានចូលរួមថវិកា សម្រាប់កសាងសមិទ្ធផលនានា ដើម្បីប្រគេនព្រះសង្ឃនៅក្នុងទីអារាមវត្តបទុមរតន៍ ហៅវត្តក្រចាប់ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំផងដែរ និងបានសូមជូនពរដល់យោធិនគ្រប់រូប និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕








ដោយសំនៀង




