មនុស្ស ៣ នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈ ៣ នាក់ទៀតកំពុងព្យាបាល ក្នុងករណីពុលស្រាថ្នាំ នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ គិតចាប់ពីថ្ងៃទី១៧ ខែសីហានេះ។
ក្រសួងសុខាភិបាលបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែសីហានេះថា មុនពេលកើតហេតុ គឺនៅថ្ងៃទី១៦ ខែសីហា ជនរងគ្រោះគាត់បានពិសាស្រាថ្នាំ លុះថ្ងៃទី១៧ មនុស្ស ៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ។
លទ្ធផលនៃការធ្វើតេស្ដសំណាកស្រាថ្នាំ ដែលធ្វើឡើងដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រកឃើញថា សំណាកស្រាមានផ្ទុកសារធាតុមេតាណុលក្នុងកម្រិត ១៥ ភាគរយ ដែលធ្វើឲ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី ០.១ ភាគរយ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថា៖ «គាត់លក់គ្រឿងផ្សំ ដូចជាឫសឈើអីជាដើម។ គាត់ក៏ជាអ្នកផលិតដែរ។ តាមព័ត៌មានឮថាគាត់ធ្វើយូរហើយ។ ប៉ុន្តែ យើងមិនដឹងថាគាត់បានមេថ្មីនេះពីណា»។
យោងតាមក្រសួងសុខាភិបាល ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៤ មានការពុលស្រា ស ឬស្រាថ្នាំ សរុបចំនួន ៥១៧នាក់ ក្នុងនោះស្លាប់៨៩នាក់។
អាជ្ញាធរពាក់ព័ន្ធនឹងក្រុមឆ្លើយតបបន្ទាន់ បានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើត ហេតុ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិតឬបិតស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការលក់ស្រា និងបញ្ឈប់ទីតាំងផលិតចែកចាយស្រាក្នុងតំបន់គោលដៅដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាលសូមក្រើនរំលឹកនិងអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់និងអ្នកពាក់ព័ន្ធនៅទូទាំងប្រទេស ត្រូវអនុវត្តវិធានការដូចដើម្បី ការពារការពុលស្រាដែលបិតមិនត្រឹមត្រូវតាមបច្ចេកទេស។
ក្រសួងបញ្ជាក់ថា៖ «មេតាណុលមិនមែនជាមេស្រាទេ។ យើងរួមគ្នាបញ្ឈប់ ការប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ»។
ក្រសួងក៏អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការទិញ លក់ ផលិត ឬបរិភោគស្រា ស និងស្រាថ្នាំ ដែលផលិតមានប្រភពមិនច្បាស់លាស់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
ក្រសួងសុខាភិបាលប្រាប់ឲ្យអាជ្ញាធរ «ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ ជៀសវាង យកសារធាតុមេតាណុលលាយធ្វើស្រា ស ឬស្រាថ្នាំ ដែលបង្កឲ្យពុលនិងស្លាប់បាត់បង់ជីវិត»។
លោក វ៉ី សំណាង ក៏អំពាវឲ្យអ្នកប្រើប្រាស់មានការប្រយ័ត្នចំពោះការផលិតស្រា ស ឬស្រាថ្នាំ ពីព្រោះពួកគាត់មិនមែនជាអ្នកមានបច្ចេកទេសផលិតស្រាបែបនេះ។
លោកថា៖ «អ្នកហូបក៏អីចឹងដែរ សូមទទួលខុសត្រូវក្នុងការហូប ហើយកុំហូបច្រើន ព្រោះស្រា តែហូបច្រើនគឺមានបញ្ហា។ ដូច្នេះ យើងត្រូវទទួលខុសត្រូវទាំងអស់គ្នា ទាំងអ្នកលក់នឹងអ្នកផលិត»៕
ដោយគិរីដងរែក