នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីសមាជិកសភាបក្សប្រឆាំង និងសកម្មជននយោបាយថា ធ្វើហួសពីអំណាច និងប្រព្រឹត្តទង្វើប្រមាថព្រះមហាក្សត្រ បន្ទាប់ពីបានដាក់រាជក្រឹត្យ ស្វែងរកការរំលាយសភាតំណាងរាស្រ្ត។ លោក Suratin Pichan សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្មី និងសកម្មជននយោបាយ Thaikorn Polsuwan បានដាក់ពាក្យបណ្តឹងនៅការិយាល័យស៊ើបអង្កេតកណ្តាលនៅទីក្រុងបាងកកកាលពីថ្ងៃពុធ។

លោក Thaikorn អះអាងថា មានតែនាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងជាផ្លូវការទេ ទើបមានសិទ្ធិអំណាចរដ្ឋធម្មនុញ្ញក្នុងការរំលាយសភា។ លោកបានមានប្រសាសន៍ថា តាមរយៈការដាក់រាជក្រឹត្យសុំការអនុម័តពីព្រះមហាក្សត្រ លោក Phumtham អាចនឹងប្រើរបបរាជានិយមខុសថាជា«ឧបករណ៍នយោបាយ» ដែលអាចចាត់ទុកថាជាទង្វើប្រមាថព្រះមហាក្សត្រ។
កាសែត Bangkok Post បានរាយការណ៍ថា លោក Supachai Jaisamut ប្រធានក្រុមអ្នកច្បាប់សម្រាប់គណបក្សប្រឆាំង Bhumjaithai ក៏បានដាក់ញត្តិចោទប្រកាន់លោក Phumtham ពីបទរំលោភអំណាច និងរំលោភលើបទដ្ឋានរដ្ឋធម្មនុញ្ញផងដែរ។ ដោយឡែកសកម្មជននយោបាយ Srisuwan Janya បានជំរុញឲ្យគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយស៊ើបអង្កេតថាតើសកម្មភាពរបស់លោក Phumtham ជាការបំពានធ្ងន់ធ្ងរដល់ក្រមសីលធម៌ និងច្បាប់រដ្ឋធម្មនុញ្ញឬអត់។
លោក Phumtham ដែលជាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្សភឿថៃដែលកំពុងកាន់អំណាច មិនបានឆ្លើយតបជាសាធារណៈចំពោះការចោទប្រកាន់នោះទេ៕
ប្រភព៖ Bangkok Post