25 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

នាយករដ្ឋមន្ត្រី កាណាដា នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ កម្ពុជា ថ្ងៃទី១២ ខែវិច្ឆិកា

- Advertisement -spot_img

លោក Justin Trudeau នាយករដ្ឋមន្រ្តីកាណាដា បានប្រកាសថា លោកនឹងចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ នេះបើតាមការឲ្យដឹងរបស់ការិយាល័យលោកនាយករដ្ឋមន្ត្រីកាណាដា ។

ប្រភពដដែល បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី Trudeau នឹង ចូលរួម ក្នុង កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ រវាងអាស៊ាន – កាណាដាដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូរសន្ទនាអាស៊ាន-កាណាដា ។

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី ក៏នឹងផ្ដោតការពិភាក្សាលើការដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងនៅលើពិភពលោក ដែលកំពុងបង្កជាក្ដីព្រួយបារម្ភរួម ដូចជា៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសន្តិសុខស្បៀង និងថាមពល ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ ជាដើម ។

Canada’s Prime Minister Justin Trudeau talks to reporters at a news conference on March 7, in Ottawa, Canada. He was accused of interfering in a criminal investigation of SNC-Lavalin, a powerful engineering firm.
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីកាណាដា ក៏នឹងប្ដេជ្ញាជំរុញឲ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ដែលជាផលប្រយោជន៍ដល់ប្រជាជាតិលើពិភពលោក និងដើម្បីពង្រឹងនូវទំនាក់ទំនងដ៏រឹងមាំរវាងភាគីទាំងពីរ អាស៊ាន-កាណាដា ។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសកម្ពុជា លោក Justin Trudeau នាយករដ្ឋមន្ត្រីប្រទេសកាណាដា ក៏នឹងទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី និងបន្តចូលរួមកិច្ចប្រជុំ APEC នៅរាជធានីបាងកក ប្រទេសថៃ ផងដែរ ។

គួរជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សប្ដាហ៍ក្រោយនេះ នៅរាជធានីភ្នំពេញ ។ កិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជានេះ ក៏នឹងមានវត្តមានរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ខណៈលោក ចូ បៃដិន នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img