ទឹកជំនន់ដ៏ខ្លាំងក្លាបានលេបត្របាក់សណ្ឋាគារ ១៥០ បន្ទប់នៅខេត្ត Khyber Pakhtunkhwa ភាគខាងជើងប៉ាគីស្ថាន បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះកំពុងរងគ្រោះពីមហន្តរាយធម្មជាតិមិនធ្លាប់មានពីមុនមក ។
ទឹកជំនន់ដែលហូរជន់លិចសណ្ឋាគារ New Honeymoon កើតឡើងប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីច្រាំងទន្លេ Swat នៅជិតសណ្ឋាគារមួយនេះតស៊ូនឹងកម្រិតទឹកឡើងខ្ពស់លែងជាប់ ក្រោយទប់ទល់នឹងទឹកជំនន់ក្នុងរយៈពេល ១ សប្ដាហ៍កន្លងមក ។
ប៉ុន្តែរហូតមកដល់ពេលនេះ មិនមាននរណាម្នាក់រងរបួសនោះទេ ចាប់តាំងពីការជម្លៀសមនុស្សចេញពីសណ្ឋាគារ ១៥០ បន្ទប់ក្នុងខេត្ត Khyber Pakhtunkhwa ខណៈគិតត្រឹមចុងខែសីហា ១ ភាគ ៣ នៃប្រទេសប៉ាគីស្ថានគឺស្ថិតនៅក្រោមទឹក ហើយមនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅ ។
ភ្លៀងមូសុងដ៏ខ្លាំងក្លាបានចាប់ផ្តើមក្នុងខែមិថុនា ពោលលឿនជាងធម្មតា សម្រាប់ប៉ាគីស្ថាន ខណៈដែលចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះបានកើនឡើងដល់ ១,៣១៤ នាក់ហើយ គិតត្រឹមថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២២ ។
ដោយមើលឃើញពីសោកនាដកម្មបែបនេះ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវរកជំនួយអន្តរជាតិចំនួន ១៦០ លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថាន ហើយរហូតមកដល់ពេលនេះ ប្រទេសចិនបានសន្យាផ្តល់ជំនួយចំនួន ៤០០ លានយ័ន (៥៨ លានដុល្លារអាមេរិក) សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈកងទ័ពរំដោះប្រជាជនក៏បានប្រគល់តង់ចំនួន ៣,០០០ ដល់ទីក្រុង Karachi ភាគខាងត្បូងផងដែរ ៕








ប្រភព South China Morning post ប្រែសម្រួលដោយគីរីដងរែក




