អាជ្ញាធរបាននិយាយកាលពីថ្ងៃទី១០ ខែមីនាថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបាននាំមកនូវទឹកជំនន់ និងការរអិលបាក់ដីនៅខេត្ត West Sumatra របស់ប្រទេសឥណ្ឌូណេស៊ី ដោយ បង្ខំឱ្យមានការជម្លៀសមនុស្សជាង៧៥.០០០ នាក់ ខណៈបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់ និង ៦នាក់បាត់ខ្លួន។ គ្រោះមហន្តរាយចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅទីរួមខេត្តPadang និងតំបន់ចំនួន ៨ផ្សេងទៀត បាន បំផ្លាញផ្ទះជិត 700 ខ្នងស្ពានសាលារៀនជាច្រើន និងដីស្រែចំនួន 113 ហិកតា។ លោក Fajar Sukma មន្ត្រីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយកោះស៊ូម៉ាត្រាខាងលិចបានប្រាប់ AFP តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា”គិតត្រឹមថ្ងៃអាទិត្យមនុស្ស 21នាក់បានស្លាប់ និង6 នាក់នៅតែបាត់ខ្លួន”។

ភូមិមួយស្ថិតនៅលើភ្នំមួយក្នុងសង្កាត់ Sutera ត្រូវ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយមានប្រជាជនប្រហែល 200គ្រួសារនៅតំបន់នេះបានចាកចេញ បន្ទាប់ពីមានការរអិលបាក់ដីដែលបន្ទាប់ពីមានទឹកជំនន់ភ្លាមៗ ដោយចំនួនអ្នកស្លាប់មាន ១៨នាក់ និងបាត់ខ្លួន ៥នាក់។ មន្ត្រី ស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ លោក Abdul Malik បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន កាលពីថ្ងៃអាទិត្យ ខណៈអាជ្ញាធរបានផ្ដោតប្រតិបត្តិការលើតំបន់ចំនួន៣ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។
លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ី BNPB បាននិយាយថា អ្នកជម្លៀសបានប្រមូលផ្តុំគ្នានៅវិហារអ៊ីស្លាមដែលនៅជិតខណៈអ្នកខ្លះទៀត បានត្រឡប់ទៅផ្ទះវិញពេលទឹកស្រក។ លោក Doni Gusrizal មន្ត្រីជាន់ខ្ពស់ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ទោះជាជំនន់ទឹកភ្លៀងបានស្រកចុះ ប៉ុន្តែការចូលទៅកាន់តំបន់ដែលរងការរអិលបាក់ដីនៅតែពិបាកដោយសារតែដីភ្នំ។ នៅតំបន់ Padang Pariaman ក៏ដូចជានៅស៊ូម៉ាត្រាខាងលិចភ្លៀងធ្លាក់ខ្លាំងនៅដើមសប្ដាហ៍នេះ បង្កឱ្យ
មានទឹកជំនន់ និងការបាក់ដីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 3នាក់។ដោយភ្លៀងធ្លាក់បន្ថែមទៀត ដែលរំពឹងទុកនៅប៉ុន្មានថ្ងៃខាងមុខ ទីភ្នាក់ងារបានព្រមានអំពីការខូចខាតបន្ថែមទៀតពីទឹកជំនន់ និងការរអិលបាក់ដី។ រដូវវស្សារបស់ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមនៅខែមករា ដោយទីភ្នាក់ងារឧតុនិយម BMKG បានព្យាករណ៍ថា នឹងមានការកើនឡើងខ្ពស់បំផុតក្នុងត្រីមាសទីមួយ ជាពិសេសនៅលើកោះជ្វា និង កោះស៊ូម៉ាត្រា៕


ប្រភព CNA ប្រែសម្រួលដោយគិរីដងរែក




