ថ្ងាសជ្រួញធ្វើឲ្យមុខយើងចាស់ជាងអាយុ និងធ្វើឲ្យបាត់បង់សម្រស់លើ ផ្ទៃមុខ។ ពិតណាស់កត្តាអាយុ ធ្វើឲ្យស្បែកលើថ្ងាសយើងជ្រួញ ប៉ុន្តែទម្លាប់មួយ ចំនួនក៏អាចបណ្តាលឱ្យថ្ងាស យើងជ្រួញមុន អាយុ ដែរ។ តើទម្លាប់អ្វីខ្លះ ចូលរួមចំណែកធ្វើឱ្យថ្ងាសយើងជ្រួញ?
១. ធ្វើចលនាមុខច្រើន
ទំនាញផែនដី បូករួមនឹងការធ្វើចលនាមុខដដែលញឹកញយដូចជា សើច ញញឹម ចងចិញ្ចើម ងឿង ឆ្ងល់ជាដើមបណ្តាលឱ្យសាច់ដុំគ្រប់គ្រងចលនារបស់ថ្ងាសកន្ត្រាក់ញឹកញាប់ ហើយបង្កឱ្យដាច់ សរសៃ ខូឡាជែន នៅក្នុងកោសិកា ស្បែកថ្ងាស។ យូរៗទៅថ្ងាសយើងក៏មានស្នាមជ្រួញ។
២. ត្រូវកម្តៅថ្ងៃ
ការបំផ្លាញរបស់កាំរស្មី UV ពីកម្តៅថ្ងៃញឹកញាប់ធ្វើឱ្យស្បែកថ្ងាសជ្រីវជ្រួញ ដោយបំផ្លាញស្រទាប់ ស្បែក ថ្ងាស។ កាំរស្មី UV បំផ្លាញសរសៃខូឡាជែននៅក្នុងកោសិកាស្បែក បន្ទាប់មកសរសៃយឺតក្នុងកោសិកាស្បែកក៏ចាប់ផ្តើមកកកុញចូលគ្នាព្រោះគ្មានសរសៃខូឡាជែនជួយទប់ និង ទ្រទ្រង់។
៣. គេងផ្កាប់មុខ
ការគេងផ្កាប់មុខក៏ធ្វើឱ្យថ្ងាសយើងជ្រួញដែរព្រោះស្បែកថ្ងាស រង សម្ពាធ ពី ទម្ងន់សង្កត់ផ្ទៃមុខទៅលើខ្នើយដែលបង្កឱ្យមានស្នាមលើថ្ងាស។ សកម្មភាពដដែរៗនេះបណ្តាល ឱ្យដាច់សរសៃ ខូឡាជែន នៅ ក្នុង កោសិកាស្បែកថ្ងាស ហើយធ្វើឱ្យថ្ងាសយើងជ្រួញ។
៤. ប៉ះពាល់នឹងជាតិពុលក្នុងបរិយាកាស
ការប៉ះពាល់ខ្យល់កខ្វក់ដែលពោរពេញទៅដោយផ្សែង ធូលីដីជាដើមធ្វើ ឱ្យប្រព័ន្ធ បន្សាប ជាតិពុល របស់រាងកាយយើងចុះខ្សោយ ហើយបណ្តាល ឱ្យ រ៉ាឌីកាល់សេរីបំផ្លាញស្បែករបស់យើង។ រ៉ាឌីកាល់ គឺជាម៉ូលេគុលអុកស៊ីសែន មិនស្ថិតស្ថេរដែលមានសមត្ថភាពផ្លាស់ប្តូរហ្សែនរបស់កោសិកាស្បែក។ រ៉ាឌីកាល់សេរីធ្វើឱ្យស្បែកថ្ងាសយើងខូច និងមានស្នាមជ្រួញដោយជំរុញអង់ស៊ីមបំបែក ខូឡាជែន របស់ ស្បែកសកម្ម។
៥. ជក់បារី
សារធាតុគីមីពុលក្នុងបារីអាចបំផ្លាញពណ៌ និងភាពយឺតរបស់ស្បែក ហើយ ថែមទាំងផលិតអង់ស៊ីម បំបែក ខូឡាជែនរបស់ស្បែកទៀតផង។ លើស ពី នេះ ទៅទៀត ជាតិនីកូទីននៅក្នុងបារីអាចបណ្តាល ឱ្យសរសៃ ឈាម នៅក្នុងស្រទាប់ខាងក្រៅរបស់ស្បែករួមតូចដែលធ្វើឱ្យបរិមាណ អុកស៊ីសែន ឈាម និងសារធាតុចិញ្ចឹមផ្សេងៗ ចូលទៅចិញ្ចឹម និងជួសជុល កោសិកាស្បែកបានតិច។
៦. ប្រើគ្រឿងតុបតែងមុខផ្ទុកសារធាតុគីមី
ផលិតផលតុបតែងមុខមួយចំនួនធ្វើឱ្យស្បែកបាត់បង់ភាពយឺត ព្រោះមានផ្ទុកសារធាតុគីមីដែល ប៉ះពាល់ ដល់ការផលិតសរសៃខូឡាជែន និងសរសៃយឺតរបស់កោសិកាស្បែក។
ដើម្បីការពារ ឬកាត់បន្ថយថ្ងាសជ្រួញ យើងគួរកាត់បន្ថយសកម្មភាពដូចរៀបរាប់ខាងលើ និងលាបឡេការពារកម្តៅថ្ងៃជាប្រចាំ៕
ដោយគីរីដងរែក