ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសអ៊ូសបេគីស្ថាន, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់ថា ប្រទេសក្រីក្រទទួលបានផលិតផលតិចតួចបំផុតពីអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ (UN) ។
រីឯចំណែកធំៗនៃការនាំចេញទាំងនេះភាគច្រើនបានធ្លាក់ដល់ដៃប្រទេសនៅអឺរ៉ុបទៅវិញ ហើយនេះគឺជាប្រទេសដែលទទួលបានស្បៀងអាហារពីការនាំចេញរបស់អ៊ុយក្រែន ៖
តួកគីទទួលបានស្បៀងអាហារពីការនាំចេញរបស់អ៊ុយក្រែនចំនួន ១៩ ភាគរយ, អេស្ប៉ាញ ១៣ ភាគរយ, អេហ្ស៊ីប ១០ ភាគរយ, ចិន និងហូឡង់ ៨ ភាគរយ, អ៊ីតាលី ៧ ភាគរយ, កូរ៉េខាងត្បូង ឥណ្ឌា និងអ៊ីរ៉ង់ ៥ ភាគរយ, រ៉ូម៉ានី ៤ ភាគរយ, អាល្លឺម៉ង់ កេនយ៉ា និងស៊ូដង់ ២ ភាគរយ ខណៈប្រទេសដែលទទួលបានស្បៀងអាហារ ១ ភាគរយមានដូចជា អៀរឡង់, បារាំង, ប៊ុលហ្គារី, ក្រិក, លីបង់, អ៊ីស្រាអែល, យេម៉ែន, ជីប៊ូទី និងសូម៉ានី ។
គួរបញ្ជាក់ថា ការផ្តល់ស្បៀងអាហារ និងជីដល់ប្រទេសក្រីក្របំផុត រួមជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍របស់ពិភពលោកត្រូវបានប្រកាសជាគោលដៅសំខាន់នៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលត្រូវបានចុះហត្ថលេខាដោយរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីមានការសម្របសម្រួលដោយប្រទេសតួកគី និង UN កាលពីដើមឆ្នាំនេះ ៕
ប្រភព Nature ប្រែសម្រួលដោយគីរីដងរែក




