ចារកម្មអាមេរិកជឿថា ការបំផ្ទុះគ្រាប់បែករថយន្តនៅទីក្រុងមូស្គូដែលបានសម្លាប់នាង Darya Dugina កូនស្រីរបស់លោក Aleksander Dugin ដែលជាមនុស្សជំនិតលោកប្រធានាធីបតី វ្ល៉ាឌីមៀ ពូទីន កាលពីខែសីហា មានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអ៊ុយក្រែន ។
ទន្ទឹមនោះកាសែត New York Times ក៏បានរាយការណ៍កាលពីពេលថ្មីៗនេះដែរថា ផ្នែកខ្លះនៃរដ្ឋាភិបាលអ៊ុយក្រែនបានអនុញ្ញាតឲ្យមានការវាយប្រហារដោយគ្រាប់បែកក្នុងរថយន្តសម្លាប់អ្នកកាសែតរុស្ស៊ីវ័យ ៣០ ឆ្នាំរូបនេះ” ។
មន្ត្រីចារកម្មអាមេរិកដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនបានជាប់ពាក់ព័ន្ធក្នុងមធ្យោបាយណាមួយនៃប្រតិបត្តិការនេះឡើយ និងបានប្រឆាំងដាច់ខាតនឹងផែនការទាំងអស់ ហើយ ក្រោយ មក សហរដ្ឋ អាមេរិកក៏បានព្រមាន មន្ត្រី អ៊ុយក្រែន ជុំវិញហេតុការណ៍ដ៏រន្ធត់នេះផងដែរ រួមទាំងផែនការធ្វើឃាតឪពុករបស់នាងគឺលោក Aleksander Dugin ដូចគ្នា ។
ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏បានស្ដីបន្ទោសចារកម្មអ៊ុយក្រែនចំពោះការសម្លាប់នេះផងដែរ ប៉ុន្តែទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បាន បដិសេធ ថា ប្រទេស របស់ លោក មិន ជាប់ ពាក់ព័ន្ធនឹងករណីណាមួយក្នុងហេតុការណ៍នោះទេ ។
គួររំឭកថាឧបទ្ទវហេតុនៃការផ្ទុះឆេះរថយន្តម៉ាក Land Cruiser Prado ដែលសម្លាប់នាង Darya Dugina បានកើតឡើងកាលពីថ្ងៃទី ២០ ខែសីហា នៅលើផ្លូវហាយវេមួយកន្លែងចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងមូស្គូ ៕

ប្រភព New York Time ប្រែសម្រួលដោយគីរីដងរែក




