តម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ បន្តហក់ឡើង គួរឱ្យកត់សម្គាល់ គិតត្រឹមសប្ដាហ៍ទី១ នៃខែមករា ឆ្នាំ២០២៤នេះ ដែលតម្លៃកើនឡើងជាមធ្យមចន្លោះពី៥ ទៅ១០ដុល្លារអាម៉េរិក ក្នុង១តោន អាស្រ័យទៅតាមប្រភេទអង្ករ ខណៈឆ្នាំ២០២៣ តម្លៃ អង្ករនៅលើទីផ្សារអន្តរជាតិបានកើនដល់ ២១ភាគរយ ដោយសារ មានការព្រួយបារម្ភអំពីអាកាសធាតុ និងការកាត់បន្ថយការនាំចេញ អង្ករ ស របស់ឥណ្ឌា ។
យោងតាមតារាងតម្លៃអង្ករ ដែលកត់ត្រា ដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងនៅថ្ងៃ ព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចូស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ មករា ឆ្នាំ២០២៤នេះថា តម្លៃអង្ករកម្ពុជានាំចេញនៅត្រឹមកំពង់ផែ គិតត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ គឺអង្ករម្លិះអង្ករ ឬអង្ករផ្កាម្លិះJasmine (Malys Angkor) មានតម្លៃហក់ឡើងដល់ ៩៣៥ដុល្លារអាម៉េរិកក្នុង១តោន និង អង្គរសែនក្រអូប Fragrant Rice (SKO)មានតម្លៃ៨៤៥ដុល្លារអាមេរិក ក្នុង១តោន ។
អង្គរទាំងពីរប្រភេទនេះ មានតម្លៃកើនឡើងចំនួន ៥ដុល្លារអាម៉េរិក ក្នុង១តោន បើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ សន្ទស្សន៍តម្លៃអង្កររបស់អង្គការ FAO បង្ហាញថា កើនឡើង ១,៦ភាគរយ លើសពីខែវិច្ឆិកា ដោយការកើនឡើង នេះបណ្តាលមកពីការសម្រុកទិញរបស់អាជីវករមួយចំនួនធំនៅតំបន់អាស៊ី ព្រមទាំងការធ្លាក់ចុះ នៃការប្រកួតប្រជែងក្នុង ចំណោមអ្នកនាំចេញ ក៏ដូចជាការរឹតបន្តឹងការនាំចេញរបស់ឥណ្ឌា និងការធ្លាក់ចុះ នៃបរិមាណអង្ករនៅក្នុងប្រទេសវៀតណាម ។ កម្ពុជាបាននាំចេញអង្ករ ក្នុងបរិមាណសរុប ៦៥៦ ៣២៣តោន ដែលគិតជាទឹកប្រាក់ចំនួនជាង ៤៦៦លានដុល្លារអាម៉េរិក ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៣។ ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣នេះ មានកំណើនលើបរិមាណ ៣ភាគរយ និងទឹក ប្រាក់មានកំណើន ១៣ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។ នេះបើយោងតាមទិន្នន័យ ពីសហព័ន្ធស្រូវអង្ករកម្ពុជា ៕



ដោយគិរីដងរែក