អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអាទិត្យទី១៥ខែមករាថា អ៊ុយក្រែននឹងទទួលបាន “ឧបករណ៍សង្គ្រាមធុនធ្ងន់” បន្ថែមទៀតពីប្រទេសលោកខាងលិច នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
ចក្រភពអង់គ្លេសបានសន្យាផ្តល់រថក្រោះ ដល់ប្រទេសនេះ រួចទៅហើយចំណែកឯអាល្លឺម៉ង់កំពុងស្ថិតក្រោមសម្ពាធឲ្យធ្វើតាមគេ។
ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងរុស្ស៊ី ដណ្តើមយកបានទីក្រុង Soledar ដ៏សំខាន់ក្នុងតំបន់ Donbass លោក Stoltenberg បានប្រាប់កាសែត Handelsblatt របស់អាល្លឺម៉ង់ថា “យើងកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃសង្រ្គាម។ ដូច្នេះវាសំខាន់ណាស់ដែលយើងចាំបាច់ត្រូវបំពាក់អាវុធដល់អ៊ុយក្រែនតាម ដែលពួកគេត្រូវការដើម្បីអាចឈ្នះបាន”។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គេឃើញថា មហាអំណាចធំៗរបស់អង្គការណាតូបានសន្យាផ្តល់សព្វាវុធកាន់តែច្រើនដល់អ៊ុយក្រែន។
សហរដ្ឋអាមេរិក បារាំង និងអាល្លឺម៉ង់បានប្រកាសក្នុងពេលដំណាលគ្នាកាលពីដើមខែនេះថា ពួកគេនឹងបរិច្ចាគយានប្រយុទ្ធថ្មើរជើងដល់យោធាអ៊ុយក្រែន ខណៈចក្រភពអង់គ្លេសបានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបញ្ជូនរថក្រោះប្រយុទ្ធសំខាន់ Challenger 2 ចំនួន១៤គ្រឿង។
កញ្ចប់សព្វាវុធបន្ថែមទៀតទំនងជានឹងត្រូវបានប្រកាសបន្ទាប់ពីក្រុមទំនាក់ទំនងការពារដែលដឹកនាំដោយសហរដ្ឋអាមេរិកជួបប្រជុំគ្នា នៅថ្ងៃសុក្រ នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់។
ក្រុមប្រឹក្សានៃប្រទេសជិត៥០នេះ បានជួបប្រជុំគ្នាចំនួន៧ដងរួចមកហើយ ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន ដោយកិច្ចប្រជុំនីមួយៗតែងតែមានការសន្យាថ្មីៗនៃជំនួយយោធាពីអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕




ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




