ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង៦ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយអធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារ the skyline នៃជាន់ទី៣៧ បែកសាកសពខ្ទេចពីខ្លួន ខណៈព្យាយាមរត់គេច ពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន ! ដែលស្ថិតនៅត្រង់ចំណុចអគារ the skyline តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា សពជនសង្ស័យឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ ដែលមានទីលំនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញសមត្ថកិច្ចស្លៀកពាក់ស៉ីវិលជាច្រើនម៉ូតូ បានធ្វើដំណើរឡើងទៅលើអគារ The Skyline បាត់អស់មួយសន្ទុះធំ ស្រាប់តែដល់វេលាម៉ោង6 ព្រឹក ស្រាប់តែមានបុរសម្នាក់ធ្លាក់ពីលើអគារពីជាន់៣៧ មកដល់ជាន់ផ្ទាល់ដី បែកសាកសពខ្ទេចចេញពីគ្នា។
អាជ្ញាធរមិនអាចសន្និដ្ឋានបានថា ហេតុអ្វីបានជាជនរងគ្រោះម្នាក់នេះ ព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួន ពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន រហូតរបូតដៃធ្លាក់ខ្លួនមកខាងក្រោមស្លាប់ភ្លាមៗនោះទេ ហើយម្យ៉ាងវិញទៀត ពេលកម្លាំងអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចុះទៅបង្ក្រាបនោះ គឺអាជ្ញាធរមូលដ្ឋាន មិនត្រូវបានហៅជនរងគ្រោះនោះមកចូលរួមសហការជាមួយឡើង។
បច្ចុប្បន្នសពមន្ត្រីជាអធិការរងខណ្ឌព្រែកព្នៅ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត នៅបូរីរំចេក៣ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្រាប់រឿងនេះ ទុកអោយសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ដំណើរការនីតិវិធីតាមជំនាញស៊ើបអង្កេតស្រាវជ្រាវបន្ត៕



ដោយគិរីដងរែក