26 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

ជនរងគ្រោះក្នុងអំពើឆបោកជិត៣០នាក់ នៅខេត្តព្រៃវែង ទាមទារឲ្យអ្នកបោកសងប្រាក់វិញ

- Advertisement -spot_img

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ៣០នាក់រស់នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលអះអាងនាសប្តាហ៍នេះថា ជនរងគ្រោះក្នុងអំពើឆបោកប្រាក់អស់សរុបជិតកន្លះលានដុល្លារ បាននាំគ្នាទាមទារឲ្យអ្នកបោកសងប្រាក់មកពួកគាត់វិញ ដោយសារពួកគាត់ឈប់ទ្រាំរងចាំការសន្យាបោកប្រាសតទៅទៀត។

តាមការអះអាងបានឲ្យដឹងថា អំពើឆបោកនេះប្រព្រឹត្តឡើងដោយបុគ្គលពីរនាក់ មានឈ្មោះ ឆេង ឆៃឡា (ហៅស្រីមុំ) ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ែន សុខាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឈ្មោះ វ៉ែន សុខាត់ គឺជាមន្ត្រីនៅនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ រីឯឈ្មោះ ឆេង ឆៃឡាង បានអះអាងថា មានប្តីនៅនាយកដ្ឋានអង្គរក្ស។

យោងតាមការរៀបរាប់របស់ជនចាញ់បោកបានឲ្យដឹងថា អ្នកឆបោកទាំងពីរនាក់នេះ បានបោកយកប្រាក់ពីមនុស្សសរុប២៧នាក់ ដែលមានបំណងចង់ចូលធ្វើការជាមន្ត្រីនគរបាលជាតិ តាមរយៈការសន្យាបំពេញបែបបទចូលក្របខណ្ឌដោយជោគជ័យជាថ្នូរនឹងទឹកប្រាក់ដ៏ច្រើនក្រាស់ក្រែល។

បុរសចាញ់បោកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានចោទប្រកាន់ថា «ទង្វើរបស់ឈ្មោះ វ៉ែន សុខាត់ និងឈ្មោះ ឆេង ឆៃឡា គឺជាទង្វើទុច្ចរិត មានគំនិតបោកប្រាសប្រាក់របស់ប្រជាជនយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបានធ្វើឲ្យខ្ញុំបាទខូចខាតផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ… ដែលមិនអាចទទួលយកបានឡើយ ហើយទង្វើនេះបានធ្វើឲ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គម និងរបៀបរៀបរយសាធារណៈ ដែលច្បាប់គាំពារ»។

បុរសដដែលបានបញ្ជាក់បន្ថែមថា តាមរយៈការណែនាំរបស់ជនឆបោកទាំងពីររូបនេះ លោកបានប្រមែប្រមូលអ្នកមានបំណងចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់រហូតដល់ចំនួន១០,០០០ ដុល្លារអាមេរិក។ ចំណែកបុរសឈ្មោះ វ៉ែន សុខាត់ បានសន្យាថា នៅក្នុងរយៈពេលបីខែ អ្នកបង់ប្រាក់ទាំងអស់នឹងទទួលឈ្មោះជាមន្ត្រីនគរបាលជាតិមានក្របខណ្ឌពេញសិទ្ធិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយ។ ប៉ុន្តែក្នុងករណីហួសការកំណត់រយៈពេលបីខែ ប្រសិនបើមិនមានឈ្មោះទេនោះ ឈ្មោះ វ៉ែន សុខាត់ នឹងប្រគល់ប្រាក់ត្រឡប់មកវិញគ្រប់ចំនួន។

លោកបញ្ជាក់បន្ថែមថា អ្នកចង់ចូលបម្រើការក្នុងក្របខណ្ឌ ដែលលោកជួយណែនាំបានចំណាយប្រាក់របស់យុវជន១០នាក់ គឺស្មើនឹង១០,០០០ដុល្លារ ដូច្នេះសម្រាប់មនុស្ស២៧នាក់ អាចស្មើនឹង២៧០,០០០ ដុល្លារអាមេរិក។ នៅពេលម្ចាស់ប្រាក់ទាមទារប្រាក់ច្រើនដងពេក ជនឆបោកបានសរសេរមូលប្បទានប័ត្រជាបន្តបន្ទាប់ ដែលមូលប្បទានប័ត្រទាំងនោះមិនមានសាច់ប្រាក់ឡើយ គឺអ្នកស្រុកហៅថា សែកស្អុយ។

ជនរងគ្រោះក្នុងអំពើឆបោកនេះ បានបង្ហាញថា នៅក្នុងកិច្ចសន្យាសងប្រាក់នោះបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា «សងបញ្ចប់នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែពួកគេមិនបានគោរពតាមការសន្យានោះទេ»។

បកស្រាយអំពីទង្វើបោកប្រាសនេះ អ្នកជំនាញផ្នែកច្បាប់បានពន្យល់ថា ប្រសិនបើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ដែលកើតឡើងដូចករណីអនុវត្តកិច្ចសន្យាសងប្រាក់ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ និងមូលប្បទានប័ត្ររបស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ លេខ១១០២៨២ គឺជាបទល្មើសឧក្រិដ្ឋ។ ចំណែកលិខិតប្រគល់ទទួលប្រាក់ចំនួនប្រាំមួយទៀត៖
១. លិខិតចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១
២. លិខិតចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
៣. លិខិតចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១
៤. លិខិតចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
៥. លិខិតចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២២
៦. លិខិតចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ជនចាញ់បោកគេខាងលើ អ្នកស្រី ឆេង ឆៃឡា បានទទួលសារសំណួរពីអ្នកសារព័ត៌មានប៉ុន្តែមិនឆ្លើយសំណួរឡើយ ព្រមទាំងបិទគណីតេឡេក្រាមថែមទៀតផង។ ចំណែកឈោ្មះ វ៉ែន សុខាត់ បានប្រកែកមិនព្រមសងជាដាច់ចខាត ដោយសន្យាឲ្យថា ឈ្មោះ ឆេង ឆៃឡា គឺជាអ្នកទទួលខុសត្រូវចំពោះទង្វើនេះ ព្រមទាំងអហះអាងអំពីការប្រកាសលក់ដីរបស់អ្នកស្រី ឆេង ឆៃឡា ដើម្បីយកប្រាក់មកសងជនត្រូវចាញ់បោក់។

ការសន្យារបស់លោកកស្រី ឆេង ឆៃឡា តាមរយៈមូលប្បទានប័ណ្ណគ្មានសាច់ប្រាក់ ឬហៅថា សែកស្អុយ ត្រូវបានអ្នកច្បាប់ចង្អុលបង្ហាញថា «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន បទឆបោក និងបទរំលោភ លើទំនុកចិត្ត ជាបទល្មើសបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរ បាន និងប្រតិបត្តិការទូទាត់ប្រាក់ តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្ម
ទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ការបកស្រាយបោកបន្លប់ និងអូសបន្កាយអស់រយៈពេលជាងងបួនឆ្នាំ ត្រូវជនចាញ់បោកស្រែកថា «ឈប់រងចាំហើយ ដោយសារសន្យាបោកពេក»៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img