ភ្នំពេញ ៖ខ្មាន់កាំភ្លើងជាជនជាតិបរទេសម្នាក់បានដកកាំភ្លើងបាញ់ចំនួនមួយគ្រាប់ទៅលើអ្នករត់ម៉ូតូកង់បីម្នាក់តែសំណាងល្អមិនត្រូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៤នាក់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុចមុខហ្គារ៉ាស់រថយន្តមួយកន្លែង តាមបណ្ដោយផ្លូវ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានដឹកភ្ញៀវប្រុសស្រីចំនួន ៣នាក់ចេញពីកន្លែងកើតហេតុខាងលើ ដោយភ្ញៀវបានប្រាប់ថាដឹកទៅផ្សារអូរឬស្សី រួចក៏ដឹកបន្តទៅផ្សារដេប៉ូ ហើយបានទៅម្ដុំក្រាំងធ្នង់បន្តទៀត ដោយបានប្រាប់ភ្ញៀងថាតម្លៃ៦មុឺនរៀល ។
លុះដឹកភ្ញៀវមកដល់ចំណុចកើតហេតុវិញ ភ្ញៀវឲ្យតែ៤ម៉ឺនរៀល តែអ្នករត់ម៉ូតូកង់បីសុំថែម២មុឺនរៀលទៀត ដោយប្រាប់ភ្ញៀវថាដឹកទៅច្រើនកន្លែងនិងចាំយូរ តែភ្ញៀវមិនព្រម ឱ្យតែ៤ម៉ឺនរៀលប៉ុណ្ណោះ ស្រាប់តែលេចមុខខ្មាន់កាំភ្លើងបុរសជនជាតិបរទេសម្នាក់ បានស្រែកប្រាប់ភ្ញៀវដែលជាបក្ខពួករបស់ខ្លួនឲ្យឡើងជិះរថយន្តហាយឡិនឌ័រមួយគ្រឿងមិនចាំផ្លាកលេខ និងប្រាប់បក្ខពួកខ្លួនថាមិនចាំបាច់ឱ្យលុយថែមទៀតទេ ឲ្យតែ៤មុឺនរៀលនិងបានហើយ តែអ្នករត់ម៉ូតូកង់បីមិនសុខចិត្ត ក៏មានការទាស់សម្តីគ្នាបន្តិចបន្តួចជាមួយខ្មាន់កាំភ្លើង ស្រាប់តែខាងខ្មាន់កាំភ្លើងបម្រុងបើករថយន្តដេញបុកនឹងបង្កហិង្សា ធ្វើឲ្យបុរសជាអ្នករត់ម៉ូតូកង់បីបានបើកកង់បីចេញពីកន្លែងកើតហេតុ រួចក៏បានហៅគ្នាមកកន្លែងកើតហេតុវិញ ស្រាប់តែខ្មាន់កាំភ្លើងរូបនោះបានដកកាំភ្លើងបាញ់ទៅលើអ្នករត់កង់បីចំនួន១គ្រាប់ តែសំណាងល្អមិនត្រូវ រួចខ្មាន់កាំភ្លើងក៏ផ្លោះរបងចូលទៅហ្គារ៉ាសរថយន្តនោះបាត់ដោយបន្សល់ទុកនូវស្រោមកាំភ្លើងនៅនឹងកន្លែងកើតហេតុ ។
សកម្មភាពនេះបានបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ចុះមកអន្តរាគមន៍និងធ្វើការឃាត់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់យកទៅសួរនាំ និងធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសជនជាតិបរទេសចំនួន ៣នាក់បន្ថែមទៀតបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំ និងចាត់ការទៅតាមនីតិវិធី៕
ដោយគីរីដងរែក