នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ បាន បភ្លឺ ជុំវិញប្រតិកម្ម មហាជន ក្រោយ សមត្ថកិច្ច បាន ដាក់កម្លាំង ផាកពិន័យអ្នក ប្រើប្រាស់ យានយន្ត ផ្សេងៗ នៅ លើ កំណាត់ ផ្លូវជាតិ លេខ ៥ ដែល កំពុង ដំណើរការ សាងសង់ នៅ ឡើយ ។
បើតាម នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ បាន បញ្ជាក់ ថា ផ្លូវជាតិលេខ៥ កំពុងស្ថិតនៅក្នុងស្ថានភាពសាងសង់ មិនទាន់រួចរាល់នៅឡើយ ដែលនាំឱ្យមានការដ្ឋានជាច្រើនតាមដងផ្លូវ។ ដូចនេះក្រុមការងារជំនាញអនុញ្ញាត ឲ្យ ធ្វើចរាចរណ៍តែម្ខាងផ្លូវ ដោយបិទផ្លូវម្ខាងទៀត និងបិទបាំងផ្លាកសញ្ញាខ្លះដែលបានបំពាក់រួចហើយ ដូចជាផ្លាកសញ្ញាកំណត់ល្បឿនជាដើម។
ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងៗទៀតដែលអាចកើតមានឡើងជាយថាហេតុ ហើយដោយសង្កេតឃើញថា មានអ្នកបើកបរមួយចំនួន បើកបរក្នុងល្បឿនលឿននៅលើផ្លូវដែលមានការដ្ឋាននេះ សមត្ថកិច្ចនគរបាលចរាចរណ៍បានកំពុងចាត់វិធានច្បាប់ដែលមានធរមាន។
យោងមាត្រា ៥ នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ អ្នកបើកបរត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
១-អ្នកបើកបរត្រូវប្រើប្រាស់ល្បឿន ស្របតាមផ្លាកសញ្ញាកំណត់ល្បឿនអតិបរមានៅតាមដងផ្លូវ។
២-នៅកន្លែងដែលពុំមានផ្លាកសញ្ញាកំណត់ល្បឿន អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមាដូចខាងក្រោម៖
ក-នៅក្នុងទីប្រជុំជនល្បឿនអតិបរមាត្រូវកំណត់ត្រឹម៖
-៣០ (សាមសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្ត ទោចក្រយាន យន្តសណ្តោងរឺម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ យានយន្តកសិកម្ម និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម ៤០ (សែសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង។
-៤០ (សែសិប) គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តគ្រប់ប្រភេទ និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿន អតិបរមា លើស ៤០ (សែសិប) គីឡូម៉ែត្រក្នុងមួយម៉ោង។
ខ- នៅក្រៅទីប្រជុំជនល្បឿនអតិបរមា ត្រូវកំណត់ត្រឹម៖
-៤០ (សែសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោងសម្រាប់ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរឺម៉ក ត្រាក់ទ័រ យានយន្តកសិកម្ម និងយានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម ៤០ (សែសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង។
-៦០ (ហុកសិប) គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥(មួយរយម្ភៃប្រាំ)សង់ទីម៉ែត្រគូប យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស ៤០(សែសិប)គីឡូម៉ែត្រ ក្នុងមួយម៉ោង រថយន្ត សណ្តោងរឺម៉ក ឬ សឺមីរឺម៉ក និងរថយន្តដឹកកុងតែន័រគ្រប់ប្រភេទ។
-៧០ (ចិតសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូប និងរថយន្តដឹកទំនិញ ធុនធ្ងន់។
-៨០ (ប៉ែតសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ។
-៩០ (កៅសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹក អ្នកដំណើរបើកបរនៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរ ហើយ មានគន្លងផ្លូវចាប់ពីបួនឡើងទៅ។
យោងតាមមាត្រា៦ នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ អ្នកបើកបរត្រូវគ្រប់គ្រងលើល្បឿនបើកបររបស់ខ្លួនជានិច្ច ហើយត្រូវបើកបរក្នុងល្បឿនសមស្របទៅតាមស្ថានភាពជាក់ស្តែង ដើម្បីអាចបញ្ឈប់យានជំនិះបានទាន់ពេលវេលា និងដោយគ្មានគ្រោះថ្នាក់។ អ្នកបើកបរត្រូវបន្ថយល្បឿន ក្នុងករណីមាន កន្លែងផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ រង្វង់មូល ឬ ការដ្ឋានសាងសង់ ជួសជុល ថែទាំផ្លូវ៕




ដោយគីរីដងរែក




