អគ្គិភ័យឆាបឆេះទូកុងតឺន័រនៅក្នុងដីឡូត៍មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញមានផ្សែងខ្មៅហុយ និងធំក្លិនឆ្ងៀមចេញមកពីខាងក្នុងដីឡូត៍ខាងលេី។ បន្ទាប់មកក៏មានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងទូកុងតឺន័រយ៉ាងសន្ធោរសន្ធៅ ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុ និងបានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ក្នុងពេលដែលអគ្គិភ័យកំពុងតែឆាបឆេះនោះប្រជាពលរដ្ឋជាច្រេីនក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងយកទឹកជះពន្លត់ផងដែរ តែមិនអាចគ្រប់គ្រងស្ថានភាពបាននោះទេ ព្រោះតែអណ្តាតភ្លេីងឆាបឆេះខ្លាំងទៅៗដែលអាចមកពីអាកាសធាតុធ្លាក់ខ្យល់ខ្លាំងរហូតសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបាញ់ទឹកពន្លត់អស់ចំនួន០៤គ្រឿងទេីបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ឬរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះឡេីយ៕
ដោយគីរីដងរែក




