29.6 C
Phnom Penh
Friday, September 18, 2026
- Advertisement -spot_img

ចិន-អាស៊ានក្នុងយុគសម័យថ្មីនៃការតភ្ជាប់ និងការរៀបចំខ្សែច្រវាក់សេដ្ឋកិច្ចតំបន់

- Advertisement -spot_img

ពិព័រណ៍ចិន-អាស៊ានលើកទី២៣ ចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំនៅទីក្រុងណាននីង ភូមិភាគស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលស្ថិតនៅភាគខាងត្បូង ប្រទេសចិន គឺជាការឆ្លុះបញ្ចាំងមួយនៃទំនាក់ទំនងដែលកំពុងកាន់តែស៊ីជម្រៅ រវាងចិននិងអាស៊ានដែលកំពុងបន្តទទួលបានសារៈសំខាន់កាន់តែខ្លាំងឡើង ដោយមិនត្រឹមតែផ្តោតលើពាណិជ្ជកម្មទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទៅដល់ការវិនិយោគ ឧស្សាហកម្ម បច្ចេកវិទ្យា ភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ឌីជីថល និងការផ្លាស់ប្តូររវាងប្រជាជន ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់ផលិតកម្មកំពុងត្រូវបានរៀបចំឡើងវិញ។

ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ពិព័រណ៍ចិន-អាស៊ានលើកទី២៣ ដែលបានវិវត្តពីវេទិកាពាណិជ្ជកម្មមួយ ទៅជាវេទិកាសម្រាប់ការផ្គូផ្គងឧស្សាហកម្ម ការវិនិយោគ និងការតភ្ជាប់ទីផ្សាររវាងចិន និងអាស៊ាន។ នៅក្នុងបរិបទថ្មីនេះ សារៈសំខាន់របស់ពិព័រណ៍មិនមែនស្ថិតត្រឹមការលក់និងទិញផលិតផលទេ ប៉ុន្តែស្ថិតនៅក្នុងការភ្ជាប់សហគ្រាសជាមួយសហគ្រាស វិនិយោគិនជាមួយឧស្សាហកម្ម និងអ្នកផលិតជាមួយទីផ្សារ។ អាស៊ានមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ចិន ខណៈចិនក៏មានតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ាន។ នេះមានន័យថា អាស៊ានមិនត្រឹមតែជាទីផ្សារសម្រាប់ផលិតផលចិនទេ ប៉ុន្តែកំពុងក្លាយជាដៃគូផលិតកម្ម និងជាផ្នែកមួយនៃខ្សែច្រវាក់តម្លៃដែលមានវិសាលភាព ទូលំទូលាយជាងមុន។ ក្នុងបរិបទនេះ ហេដ្ឋារចនាសម្ព័ន្ធមានតួនាទីជាមូលដ្ឋាន។ ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ផ្លូវទឹក និងមជ្ឈមណ្ឌលភស្តុភារ មិនត្រឹមតែជាឧបករណ៍សម្រាប់ការធ្វើដំណើរនោះទេ   ប៉ុន្តែជាសរសៃឈាមសម្រាប់ចលនារបស់ទំនិញ មូលធន និងសកម្មភាព​​ផលិតកម្ម​។

នៅពេលការដឹកជញ្ជូនរវាងតំបន់ផលិតកម្ម និងកំពង់ផែមានប្រសិទ្ធភាពខ្ពស់ ថ្លៃដឹកជញ្ជូនអាចត្រូវបានកាត់បន្ថយ ពេលវេលាដឹកជញ្ជូនអាចខ្លីជាងមុន ហើយផលិតផលរបស់សហគ្រាសអាចប្រកួតប្រជែង​បានកាន់តែប្រសើរ។ ដូច្នេះ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងចិន និងអាស៊ានកំពុងក្លាយជាផ្នែកមួយនៃ​យុទ្ធសាស្ត្រសេដ្ឋកិច្ចតំបន់។ ការបើកដំណើរការព្រែកជីក​ភីងលូ ដែលមានប្រវែង១៣៤,២គីឡូម៉ែត្រ ភ្ជាប់ភូមិភាគស្វយ័តជនជាតិជ័ងក្វាងស៊ី​ ទៅ​កាន់តំបន់អាស៊ានតាមច្រកសមុទ្រ គឺជាឧទាហរណ៍មួយនៃ​ការអភិវឌ្ឍនិងបង្កើនឱកាស​មាសដល់ពិព័រណ៍ចិន-អាស៊ានលើកទី២៣។ ព្រែកជីកនេះអាចជួយភ្ជាប់​តំបន់ខាងក្នុងប្រទេសចិនទៅកាន់សមុទ្រ​ប្រកបដោយប្រសិទ្ធភាពជាងមុន ដោយកាត់បន្ថយចម្ងាយ និង ពេលវេលាដឹកជញ្ជូនសម្រាប់ទំនិញនានា។

សម្រាប់អាស៊ាន សារៈសំខាន់របស់ព្រែកជីកភីងលូមិនត្រឹមតែស្ថិតនៅក្នុងសក្តានុពលកាត់បន្ថយថ្លៃដឹកជញ្ជូនរវាងតំបន់មួយចំនួននៃប្រទេសចិននោះទេ វាអាចត្រូវបានមើលក្នុងទស្សនៈទូលំទូលាយជាងនេះថា ជាផ្នែកមួយនៃបណ្តាញតភ្ជាប់ដែលអាចជួយឱ្យអាស៊ានចូលទៅកាន់ទីផ្សារចិនបានកាន់តែមានប្រសិទ្ធភាព​ និងជួយឱ្យទំនិញចិនចូលមកកាន់ទី​ផ្សារអាស៊ានបានកាន់តែងាយស្រួល។ អាចនិយាយដោយសាមញ្ញ​បានថា នៅពេលព្រែកជីក ផ្លូវដែក ផ្លូវថ្នល់ កំពង់ផែ និងបណ្តាញដឹកជញ្ជូនត្រូវបានភ្ជាប់គ្នា វាអាចបង្កើតប្រព័ន្ធភស្តុភារដែលមានលក្ខណៈសមាហរណកម្មកាន់តែខ្ពស់។ នេះមានសារៈសំខាន់ជាពិសេស សម្រាប់ផលិតផលកសិកម្ម និងផលិតផលដែលត្រូវការការដឹកជញ្ជូនមានល្បឿនលឿន ដូចជាអាហារស្រស់ និងផលិតផលកែច្នៃមួយចំនួន។  ការតភ្ជាប់បែបនេះក៏អាចជួយបង្កើត​ឱកាសថ្មីសម្រាប់ការវិនិយោគ ដែលត្រូវបានរំលេចនៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២៣។

ជាសច្ចភាព ការតភ្ជាប់រូបវន្តអាចធ្វើឱ្យទំនិញធ្វើដំណើរបានលឿន ការតភ្ជាប់ឌីជីថលអាចធ្វើឱ្យព័ត៌មាន ការបញ្ជាទិញ ការទូទាត់ និងសេវាកម្មធ្វើដំណើរបានលឿនជាងមុន។ ដូច្នេះ ការរួមបញ្ចូលការតភ្ជាប់រូបវន្ត និងឌីជីថល នឹងក្លាយជាធាតុសំខាន់មួយសម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចចិន-អាស៊ាន។ នៅក្នុងទស្សនៈនេះ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ»អាចត្រូវបានមើលជាវេទិកាមួយ ដែលភ្ជាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាមួយការអភិវឌ្ឍ​សេដ្ឋកិច្ច។ គោលដៅសំខាន់មិនមែនគ្រាន់តែបង្កើតផ្លូវ ឬកំពង់ផែថ្មីនោះទេ  ប៉ុន្តែគឺធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធទាំងនោះអាចបង្កើតសកម្មភាពផលិតកម្ម ពាណិជ្ជកម្ម ការវិនិយោគ និង ការងារ។

ជារួម ពិព័រណ៍ចិន-អាស៊ានលើកទី២៣ បាននិងកំពុងមានឱកាសកសាងទំនាក់ទំនងសេដ្ឋកិច្ចដែលមិនត្រឹមតែមានទំហំធំជាងមុន ប៉ុន្តែអាចមានភាពស៊ីជម្រៅ និងពឹងផ្អែកលើការបំពេញបន្ថែមគ្នាកាន់តែច្រើន ហើយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាចបន្តភ្ជាប់ជាមួយការតភ្ជាប់ឧស្សាហកម្ម ការតភ្ជាប់ឌីជីថល និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដែលជាលទ្ធ​ផល ​កិច្ចសហប្រតិបត្តិការចិន-អាស៊ាននឹងបន្តក្លាយជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចអាស៊ី ​និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img