អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងដាច់ខាតចំពោះផែនការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ ហើយជំរុញឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនជាបន្ទាន់។
លោក Wang Wenping អ្នកនាំពាក្យបាននិយាយថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់របស់ប្រទេសចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងទាំងបីរវាងចិន និងសហរដ្ឋអាមេរិក និងសេចក្តីថ្លែងការណ៍រួម ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២។
លោក Wang បាននិយាយទៀតថាតៃវ៉ាន់គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាននៃ ទឹកដីរបស់ចិន។បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយមិនទទួលយកការជ្រៀតជ្រែកពីបរទេសឡើយ។
លោកបានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិន។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុម័តការលក់បរិក្ខារយោធាក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដើម្បីលក់ប្រព័ន្ធរុករក និងតាមដាន Infrared បំពាក់លើយន្ដហោះចម្បាំង F-16 និងបរិក្ខារពាក់ព័ន្ធ ដើម្បីជួយតៃវ៉ាន់ក្នុងការធ្វើបច្ចុប្បន្នភាពយន្ដហោះចម្បាំងដ៏ទំនើបមួយនេះ និងពង្រឹងសមត្ថភាពយោធាដើម្បីការពារខ្លួនឯង៕



ប្រភព eng.chinamil.com.cn ប្រែសម្រួលដោយគីរីដងរែក