នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន RT, រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បាននិយាយថា កងកម្លាំងអាមេរិកកំពុងលួចផលិតផលប្រេងជាងពាក់កណ្តាលរបស់ប្រទេសស៊ីរី ។
លោករដ្ឋមន្ត្រីបានប្រាប់ថា ការលួចនេះបណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសស៊ីរី និងជំរុញឲ្យទីក្រុង Damascus លើកបញ្ហានេះទៅពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ។
លោក Faisal បញ្ជាក់ថា កងកម្លាំងអាមេរិកបានលួចផលិតកម្មប្រេងរបស់ស៊ីរីប្រមាណ ៨០ ភាគរយ ហើយនឹងទទួលខុសត្រូវចំពោះរាល់ដំណក់ប្រេងដែលពួកគេបានលួចពីយើង ។
លោក Faisal បានប្រាប់ RT ទៀតថា អាមេរិក បន្ត លួច យក ប្រេងរបស់យើង ហើយបញ្ជូនរថយន្ត ដឹក ប្រេង រាប់ពាន់ គ្រឿង ទៅ អ៊ីរ៉ាក់ ក្រោមលេសថា ប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅស៊ីរី ប៉ុន្តែអាមេរិក មិនបានធ្វើបែបនេះនោះទេ វា ជា ការ កុហក ។
គួរបញ្ជាក់ថា ស៊ីរីបានខាតបង់ទឹកប្រាក់ ១០០ ពាន់លានដុល្លារ ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបង្កឲ្យមានការរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស ចាប់តាំងពីឆ្នាំ ២០១១ មក ៕

ប្រភព RT ប្រែសម្រួលដោយគីរីដងរែក




