24 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

គោលនយោបាយអាទិភាពរបស់បក្សខ្មែររួបរួមជាតិ គឺពលរដ្ឋព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋចំណាយ ១ម៉ឺនរៀលប៉ុណ្ណោះ

- Advertisement -spot_img

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា៖ គណបក្សខ្មែររួបរួមជាតិរបស់លោក មានគោលនយោបាយ ៩ ចំណុចសំខាន់ៗ សម្រាប់ការចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

លោកបានបញ្ជាក់ថា ក្នុងចំណោមគោលនយោបាយទាំង ៩ចំណុចនេះ គឺចំណុចទី ៣ មានសារៈសំខាន់ជាងគេ ដោយផ្ដោតទៅលើការព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅតាមមន្ទីរពេទ្យបង់ថ្លៃ ១ម៉ឺនរៀល ឬស្មើនឹង ២.៥០ដុល្លារ គ្រប់ប្រភេទជំងឺទាំងអស់។

លោក ញឹក ប៊ុនឆៃ បានបន្តថា «ចំណុចក្នុងគោលនយោបាយដែលអាទិភាព ៩ចំណុច របស់គណបក្សខ្មែររួបរួមជាតិនេះ គឺចំណុចមួយដែលខ្ញុំគិតថា ជាចំណុចដែលល្អប្រសើរជាងគេបំផុតសម្រាប់ដាក់ជូនប្រជាពលរដ្ឋនោះ គឺពាក់ព័ន្ធពលរដ្ឋខ្មែរព្យាបាលជំងឺគ្រប់ប្រភេទនៅមន្ទីរពេទ្យរដ្ឋ បង់ថ្លៃ ១ម៉ឺនរៀល»។

បើតាមប្រធានគណបក្សខ្មែររួបរួមជាតិរូបនេះ សម្រាប់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បណ្ដាប្រទេសមួយចំនួនបានធ្វើរួចទៅហើយ។ ជាក់ស្តែង ប្រទេសថៃ គឺព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមន្ទីរពេទ្យរដ្ឋ គ្រាន់តែបង់ថ្លៃត្រឹម ៣០បាត ស្មើនឹង ១ដុល្លារប៉ុណ្ណោះ។

លោក ញឹក ប៊ុនឆៃ បានបន្ថែមថា «ចំណុចនេះ គឺមានប្រទេសមួយចំនួន គេបានអនុវត្តបានហើយ នូវគោលនយោបាយហ្នឹង ដែលខ្ញុំបានលើកហ្នឹងគឺប្រជាពលរដ្ឋខ្មែរ ព្យាបាលជំងឺគ្រប់ប្រភេទនៅមន្ទីរពេទ្យរដ្ឋបង់ថ្លៃតែ ១ម៉ឺនរៀល ចឹងបានសេចក្ដីថា ប្រជាពលរដ្ឋយើងត្រូវទៅធ្វើអាប័ណ្ណមួយ សម្រាប់ពេលមានជំងឺ ដែលយើងទៅព្យាបាលនៅមន្ទីរពេទ្យបង់តែ ១ម៉ឺនរៀលនោះទេ ទោះបីព្យាបាលអស់ ១ពាន់ដុល្លារ ២ពាន់ដុល្លារ ៣ពាន់ដុល្លារ វះកាត់បែបណាក៏ដោយ គឺបង់តែប៉ុណ្ណឹងទេ»។

សូមជម្រាបថា គណបក្សខ្មែររួបរួមជាតិ គឺជាគណបក្សមួយចំណោមគណបក្សនយោបាយចំនួន ១៨ ដែលនឹងត្រូវចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img