កំពត៖ ទោះជាមានការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ក៏ដោយ ប្រជាកសិករក្នុងខេត្តកំពតនៅតែខិតខំបង្កបង្កើនផលស្រូវ និងដំណាំដាំដុះផ្សេងជាធម្មតា។ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាកសិករប្រមូលផលស្រូវវស្សារបានជាង ៣សែនតោន ស្មើនឹង ៧៦ភាគរយហើយ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត លោក ចាន់ រិទ្ធិ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខេត្តកំពតប្រមូលផលស្រូវរដូវវស្សាបានចំនួន ៣២៧.៥១១តោន ស្មើនឹង៧០ភាគរយ ហើយទិន្នផលជាមធ្យម ៣.២៣៨តោន/ហិកតា។ ក្នុងឆ្នាំ២០២១ ខេត្តកំពតមានផ្ទៃដីបង្កបង្កើនផលសរុបចំនួន ១៥២.៤៦៨ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលបានចំនួន ១០១.១៥៥ហិកតា ស្មើនឹង ៧៦,០៦ភាគរយ។ ទន្ទឹមនឹងការប្រមូលផល ការនាំចេញស្រូវរដូវវស្សាក៏មានដំណើរការល្អប្រសើរផងដែរ។ ក្នុងនោះការនាំស្រូវចេញ តាមច្រកតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ មានស្រូវអ៊ីអ៊ាចំនួន ៧១០តោន ស្រូវចម្រុះចំនួន ៣.៨៤០តោន សរុបរួម ៤.៥៥០តោន។ រីឯតម្លៃលក់ចេញស្រូវអ៊ីអ៊ាមានតម្លៃ ៨៥០រៀល ក្នុងមួយគីឡូក្រាម ហើយស្រូវចម្រុះមានតម្លៃ ១.០៥០រៀល ក្នុងមួយគីឡូក្រាម។
លោកប្រធានមន្ទីរកសិកម្ម បានឱ្យដឹងទៀតថា ចំពោះល្បឿនការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២១-២០២២ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រួមមាន ផែនការសន្ទូងចំនួន ៨.២២០ហិកតា ផ្ទៃដីភ្ជួរអនុវត្តបាន ៤. ៨០០ហិកតា គឺអនុវត្តដោយគ្រឿងយន្ដ ផ្ទៃដីស្ទូង និងព្រួសអនុវត្តបានចំនួន ៤.៨០០ហិកតា ស្មើនឹង ៥៨,៣៩ភាគរយ នៃផែនការ៕