(សោវហេមតុន)៖ ខ្សែបម្រើស្លាបក្លិប Southampton កីឡាករ Nathan Redmond ជិតនឹងចាកចេញពីក្លិបហើយ ដើម្បីចូលរួមលេងនៅតួកគី ជាមួយក្លិប Besiktas។ នេះបើតាមសម្តីអ្នកចាត់ការក្លិប Southampton លោក Ralph Hasenhuettl ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។
Redmond ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិប Norwich City រូបនេះ បានចំណាយពេល ៦ឆ្នាំចុងក្រោយ លេងនៅឯកីឡដ្ឋាន St Mary’s ដោយបានស៊ុតបញ្ចូលទី ៣០គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន ២៧គ្រាប់ក្នុងការបង្ហាញខ្លួនជាង២០០ប្រកួត សម្រាប់ Southampton។
ការផ្លាស់នេះនឹងត្រូវបានគេមើលឃើញថា Redmond នឹងលេងរួមគ្នាជាមួយខ្សែបម្រើ Everton កីឡាករ Dele Alli ដែលបានផ្លាស់ទៅកាន់ Besiktas ក្នុងលក្ខខណ្ឌលេងខ្ចីជើង ១រដូវកាល។
Southampton កំពុងស្ថិតនៅលំដាប់ទី១២ ក្នុងតារាង Premier League បន្ទាប់ពីឈ្នះ ២ប្រកួត, ស្មើ១ និងចាញ់ ៣ប្រកួតក្នុងរដូវកាលនេះ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




