យោងតាមលិខិតពីក្រុមហ៊ុន Cambodian Premier Leagueការប្រកួតក្របខណ្ឌ Cambodian Premier League, Hun Sen Cup និង Cambodian League 2 ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឲ្យទទួលអ្នកទស្សនាពេញកីឡដ្ឋាន១០០ភាគរយវិញហើយ ជំនួសឲ្យការទទួលយកត្រឹម៥០ភាគរយដូចពីមុន។
ទន្ទឹមនឹងនេះ ក្រុមមន្ត្រីដឹកនាំការប្រកួត ក្រុមការងារគ្រូបង្វឹក និងកីឡាករទាំងអស់មិនចាំបាច់ធ្វើតេស្ដរកកូវីដ១៩ទៀតទេ។
ក្នុងលិខិតរបស់លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League សង្កត់ធ្ងន់ថា នេះជាការចូលរួមលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យមានអ្នកចូលរួមទស្សនាពេញកីឡដ្ឋានឡើងវិញបែបនេះ។
គួររំឭកថា ការប្រកួតទាំង៣ខាងលើបានខកខានទទួលអ្នកទស្សនាពេញកីឡដ្ឋាន១០០ភាគរយបែបនេះ២ឆ្នាំមកហើយ បន្ទាប់ពីផ្ទុះកូវីដ១៩នៅកម្ពុជា។ យ៉ាងណាថ្មីៗនេះ ស្ថានភាពកូវីដ១៩នៅកម្ពុជាបានធូរស្រាល រដ្ឋាភិបាលក៏បានបន្ធូរបន្ថយនីតិវិធីមួយចំនួនវិញ៕
ដោយ គីរីដងរែក