ភ្នំពេញ: ករណីក្រុមចោ ៥នាក់លួចរថយន្តសាំងយ៉ុងមួយគ្រឿង នៅក្នុងភូមិចាក់ជ្រូក សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ។

តាមប្រភពពីសមត្តកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ មានស្រីម្នាក់ និងប្រុស៤នាក់ ហើយបានសារភាពប្រាប់ សមត្ថកិច្ចខ្លះៗថា ពួកគេពិតជាបានលួចរថយន្តសាំយ៉ុងនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម កាលពី៣ថ្ងៃមុនប្រាកដមែន។
សូមបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនក្រុមចោរទាំង ៥នាក់នោះ នគរបាលពុំរកឃើញរថយន្តសាំងយ៉ុងទេ ដោយមិនទាន់ដឹងថា តើក្រុមនេះយកទៅលាក់ទុក លក់ ឬបញ្ចាំនៅទីណានៅឡើយ ភ្លាមៗសមត្ថកិច្ចបានដកហូតបានតែម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ឆ្នាំ២០២៣ ខណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KG-8209។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យចូលលួចរថយន្តម៉ាកសាំងយ៉ុង ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AC-5435 របស់បុរសម្នាក់ឈ្មោះឡឹង សេរីវុធ អាយុ២៩ឆ្នាំ មុខរបរដឹកសម្ភាររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌសែនជ័យ ។

បើតាមបុរសជាម្ចាស់រថយន្តបានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុគាត់បានយករថយន្តខាងលើទៅផ្ញើរទុកដូចរាល់ដង បន្ទាប់មកក៏បានចូលទៅសម្រាកនៅក្នុងផ្ទះ រហូតមកដល់វេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បុរសជាម្ចាស់បានទៅយករថយន្តដើម្បីបើកទៅដឹកអីវាន់រោងចក្រ ក៏ស្រាប់តែបាត់មិនឃើញទើបបង្កការភ្ញាល់ផ្អើលតែម្តង ។

បុរសជាម្ចាស់រថយន្តបានបន្តទៀតថា ភ្លាមៗនោះក៏បានឆែកកាមេរ៉ាសុវត្តិភាពដែលបំពាក់នៅផ្ទះកើតហេតុនោះមើល បានឃើញជនសង្ស័យចូលទៅលួចរថយន្តគាត់នៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញសកម្មភាពជនសង្ស័យចូលលួចរថយន្ត ក៏បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោម ដើម្បីអោយជួយអន្តរាគមន៍ស្រាវជ្រាវរកក្រុមជនសង្ស័យដើម្បីចាត់ការតាមនិតិវិធីនិងស្វែងរករថយន្តរបស់គាត់មកធ្វើការរកស៊ីវិញ៕

ដោយគិរីដងរែក




