លោក Mohamad S SH S Alhajri ឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចំាព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កូវ៉ែត មានឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យ ពាក់ព័ន្ធការផ្គត់ ផ្គង់ ថាមពល(ប្រេងឥន្ទនៈ) ការសាសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុ(soft loans) នៅកម្ពុជា។ លោកថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជុំវិញយន្តការក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគី ជាមួយលោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាង រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២។
លោក កឹម ស៊ីថន បានលើកទឹកចិត្តវិនិយោគិនកូវ៉ែតឱ្យចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ ជាពិសេសបានស្នើជំរុញការនាំចូលនូវផលិតផលកម្ពុជា ដែលមានគុណភាព និងភាពប្រកួតប្រជែង រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់ក្របខណ្ឌគតិយុត្តនានា ឱ្យអស់ពីលទ្ធភាព រួមមាន៖ កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោកក៏បានថ្លែងទៅកាន់លោកឯកអគ្គរាជទូត អំពីច្បាប់គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ចនិងវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ ៗ រួមមានព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។
តាមរយៈជំនួបពិភាក្សានេះ លោក កឹម ស៊ីថន បានបង្ហាញសុទិដ្ឋិនិយមថា បេសកកម្មការទូតដ៏មានអត្ថន័យ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កម្ពុជា និងកូវ៉ែត នឹងមានលទ្ធភាពបន្តពង្រីក និងពង្រឹង កិច្ចសហប្រតិ បត្តិការឱ្យកាន់តែស៊ីជម្រៅ សមស្របនឹងកម្រិតទំនាក់ទំនងការទូតដ៏ឧត្តុង្គឧត្តមរបស់ប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ ម៉ឺនដុល្លារអាមេរិក គិតត្រឹមខែ តុលា ឆ្នាំ ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា៖ សម្លៀកបំពាក់និងវាយនភណ្ឌ, ថ្នាំជក់, ផលិតផលធ្វើដំណើរ, ម៉ាស៊ីន និងឧបករណ៍អគ្គីសនី, ប៉ូលីមែរនៃអេទីឡែន,កែវ និងវត្ថុធ្វើពីកែវជាដើម៕



ដោយគីរីដងរែក




