កូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មដោយ ឯករាជ្យ លើកូរ៉េខាងជើង ជុំវិញបញ្ហាសកម្មភាពអ៊ីនធឺណិតខុសច្បាប់ដោយសង្ស័យជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិត និងកម្មវិធីទាក់ទងការលួចរូបិយប័ណ្ណគ្រីបតូ។
ក្រសួងការបរទេសកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្មនេះផ្តោតលើអ្នកជំនាញបច្ចេកវិទ្យាកូរ៉េខាងជើងបួននាក់ រួមទាំង Hacker និងអង្គការចំនួនប្រាំពីរ រួមទាំងអ្នកដែលស្ថិតនៅក្រោមទីភ្នាក់ងារស៊ើបការណ៍យោធាកូរ៉េខាងជើងផងដែរ។
ទណ្ឌកម្មនេះ ផ្តោតសំខាន់លើបទល្មើសលើប្រព័ន្ធបច្ចេកវិទ្យា Cyber ដែលពួកគេលួចលុយ ដើម្បី យកទៅអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់លោកគីមជុងអ៊ុន។ វិធានការនេះ នឹងហាមឃាត់ប្រតិបត្តិការហិរញ្ញវត្ថុដែលជាគោលដៅត្រូវទទួលទណ្ឌកម្ម។
របាយការណ៍ដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានលួចទ្រព្យសម្បត្តិរូបិយប័ណ្ណគ្រីបតូនៅឆ្នាំ ២០២២ ច្រើនជាងឆ្នាំណាៗទាំងអស់។ ក្នងនោះ ទីភ្នាក់ងារសារព័ត៌មាន Reuters បង្ហាញថា ទ្រព្យសម្បត្តិដែលលួចបាន អាចមានប្រហែល ១ពាន់លានដុល្លារ។
ដោយឡែក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងអាមេរិកកាលពីថ្ងៃសុក្រ បានបង្ហាញអាសយដ្ឋានរបស់អង្គភាពដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិតដែលជាផ្នែកមួយនៃការលួចលុយរូបិយប័ណ្ណសកលដោយ Hacker កូរ៉េខាងជើង។
គួរបញ្ជាក់ថា នេះជាការដាក់ទណ្ឌកម្មឯករាជ្យលើកទី៣ លើកូរ៉េខាងជើង ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតី Yoon Suk-yeol។




ប្រភព The CyberWire ប្រែសម្រួលដោយគិរីដងរែក




