រដ្ឋាភិបាល ជប៉ុន បានជំរុញឲ្យ ប្រជាជននៅកោះ ហុកកៃដូ រត់រកកន្លែងសុវត្ថិភាព បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងហោះសំដៅមកខ្លួន
មីស៊ីលនេះ ត្រូវបានគេរាយការណ៍ថាបាញ់បង្ហោះនៅប្រហែលម៉ោង៧ និង២៥នាទី ព្រឹកថ្ងៃ អង្គារទី០៤ខែតុលានេះ ។
គណនី Twitter ផ្លូវការរបស់ទីក្រុង Ishikari លើកោះហុកកៃដូ បានបង្ហោះថា “មីស៊ីលនេះ ត្រូវបានគេជឿថា បាញ់ចេញពីប្រទេសកូរ៉េខាងជើង។ មានការជម្លៀសមនុស្សនៅខាងក្នុងអគារ ឬក្រោមដី”។
ស្របពេលជាមួយគ្នានោះ គណនី Twitter ផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក៏បានបង្ហោះសារ សុំឲ្យប្រជាជននៅកោះហុកកៃដូ រត់រកកន្លែងលាក់ខ្លួនផងដែរ។ បន្ទាប់ មកលោក បាន បង្ហោះ សារ Update ថា មីស៊ីល បាន ហោះ រំលង ប្រទេស ជប៉ុន។
សារនេះបន្តថា “មីស៊ីលដូចដែលរៀបរាប់ខាងលើ ត្រូវបានគេជឿថា បានឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកនៅម៉ោង ០៧:២៩នាទី។ ប្រសិនបើអ្នកឃើញអ្វីដែលគួរឲ្យសង្ស័យ សូមកុំចូលទៅជិតវា ហើយត្រូវទាក់ទងប៉ូលិសឬនាយកដ្ឋានពន្លត់អគ្គិភ័យភ្លាមៗ”។
យោងតាមប្រធានខុទ្ទកាល័យលោក Hirokazu Matsuno, មីស៊ីលផ្លោងនេះ បានហោះពីលើតំបន់ Tohoku។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះគឺជាការសាកល្បងអាវុធចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដើម្បីឆ្លើយតបជាក់ស្តែងចំពោះសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
កូរ៉េខាងជើងចាត់ទុកសមយុទ្ធ បែបនេះថាជាការហាត់សមសម្រាប់ការលុកលុយ បើទោះបីជាទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោននិយាយថា សមយុទ្ធនេះមានលក្ខណៈការពារ ក៏ដោយ៕

ដោយគីរីដងរែក




