ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងចូលរួមជាអធិបតីភាព និងមានការចូលរួមពីមន្ត្រីជលផល មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង អង្កការជាដៃគូ ប្រជាពលរដ្ឋនិងសិក្សានុសិស្ស បានចូលរួមពិធីដាំកូនឈើព្រៃលិចទឹកចំនួន២ពាន់ ៣រយដើម ត្រូវបានរៀបចំដាំឡើងវិញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ជំនួសមុខ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថាខេត្តកំពង់ឆ្នាំងមានស្រុកចំនួន ៣ ដែលមានផ្ទៃដីវាលទំនៀប ជាប់បឹងនិងដៃទន្លេសាប ក្នុងនោះមានស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូរណ៍ ដែលមានវិសាលភាពផ្ទៃដីព្រៃលិចទឹកប្រមាណជាង ២ ម៉ឺនហិកតា ។កន្លងទៅមានជនខិលខូចលួចកាប់រាន ទន្ទ្រានយក ដីធ្វើស្រែ ជាកម្មសិទ្ធិ ។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងតឹងរឹងពី រាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេចដកផ្ទៃដីទាំងនោះត្រឡប់មកវិញ។ ជាក់ស្ដែងផ្ទៃដីដែលយើងបានដាំនៅថ្ងៃនេះ គឺជាតំបន់រសើបមួយ ដែលអាជ្ញាធរខេត្តសម្រេចដកហូតត្រឡប់មកវិញ និងកន្លែងខ្លះទៀត បងប្អូនប្រជាពលរដ្ឋស្ម័គចិត្តប្រគល់ត្រឡប់មកវិញដែរ។ ថ្ងៃនេះយើងដាំកូនឈើព្រៃលិចទឹក ចំនួន២៣០០ ដើម ក្នុងនោះមានដើមរាំង និងដើមចង្កែង ២ពាន់ដើម និងដើម អូញម៉ូញ ចំនួន ៣០០ ដើម យើងយកទៅដាំមុខសាលាបឋមសិក្សាសេះស្លាប់ ។

ការចូលរួមដាំកូនឈើព្រៃលិចទឹកនៅថ្ងៃនេះគឺជាការចូលរួមចំណែកស្ដារឡើងវិញនូវព្រៃលិចទឹកដែលបានបាត់បង់ដោយជនខិលខូចទន្ទ្រានយកកន្លងមក។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ព្រៃលិចទឹកមានសារៈសំខាន់ខ្លាំងណាស់គឺជាជម្រកត្រីពងកូន ជាប្រភពចំណី និងជម្រករបស់ត្រី។វាជាជម្រកសត្វស្លាប សត្វល្មូន និងសត្វច្រើនប្រភេទទៀត។ ព្រៃលិចទឹកក៏ជាប្រភពចំណូលសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ព្រោះថាបើមានព្រៃលិចទឹក ប្រជាកសិករ ក៍ អាចនេសាទត្រីបានច្រើនដែរ ព្រោះបើបាត់បង់ព្រៃលិចទឹកក៏ដូចបាត់បង់មច្ឆាជាតិយ៉ាងនោះដែរ។

ព្រៃលិចទឹក ក៏ជាតំបន់ទេសចរណ៍ របស់សហគមន៍មូលដ្ឋាន ប្រសិនបើយើងរៀបចំឲ្យបានត្រឹមត្រូវ ជាក់ស្ដែងដូចជានៅខេត្តបាត់ដំបង និងនៅខេត្តសៀមរាប។វាក៍ជារបាំងរាំងខ្ទប់ខ្យល់ និងធ្វើឲ្យទឹកថ្លា មិនរីងរាក់ទៀតផង។ ក្រៅពីនោះវានូវបាន ផ្តល់អ៊ុកស៊ីសែន ដល់មនុស្សរស់នៅ និងជាថ្នាំបុរាណសម្រាប់ព្យាបាលផងដែរ៕ លោក ងិន ហ៊ុន បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សូមជួយថែរក្សាព្រៃលិចទឹកដែលបានដាំនាថ្ងៃនេះ ឱ្យបានគង់វង្ស ហាមចូលកាប់ទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់ ៣ ព្រោះមន្ត្រីជំនាញបានបោះបង្គោលកំណត់រួចហើយ ប្រសិនបើជនណានៅតែហ៊ានបំពាននិងទទួលខុសត្រូវចំពោះមុខច្បាប់៕



ដោយគិរីដងរែក