កៀវ៖យោធាអ៊ុយក្រែនបានអះអាងជាលើកដំបូងក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនប្រយុទ្ធដែល ផ្គត់ផ្គង់ ដោយអ៊ីរ៉ង់ ហើយត្រូវបានប្រើដោយរុស្ស៊ីនៅក្នុងសមរភូមិ ដែលប្រការនេះបានបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងម៉ូស្គូ និងទីក្រុងតេហេរ៉ង់។
នាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្ត្ររបស់យោធាអ៊ុយក្រែន បានផ្សព្វផ្សាយរូបភាពនៃបំណែកយន្តហោះដ្រូននោះ។ វាមានរូបរាង ស្រដៀងនឹងត្រីកោណ ហើយត្រូវបានគេជឿជាក់ថា ផលិតឡើង ដោយអ៊ីរ៉ង់ ដែលគេស្គាល់ឈ្មោះថា ជា Shahed ឬ “សាក្សី” នៅ Farsi។
ជាមួយគ្នានេះ ទាំងមន្ត្រីយោធា និងគេហទំព័ររបស់អ៊ុយក្រែន បានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះដ្រូន នេះនៅជិតតំបន់Kupianskចំពេលមានការវាយលុករបស់ទីក្រុងកៀវ ទៅលើទីតាំងជួរកងទ័ពរុស្ស៊ីជុំវិញទីក្រុង Kharkov។
ពាក់ព័ន្ធនឹងការអះអាងរបស់អ៊ុយក្រែនខាងលើនេះដែរ បេសកកម្មរបស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយឡើយ។
សូមរម្លឹកផងដែរថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋ អាមេរិកបានព្រមានជាសាធារណៈកាលពីខែកក្កដាថា អ៊ីរ៉ង់គ្រោង នឹងបញ្ជូនយន្តហោះដ្រូនផ្ទុកគ្រាប់បែករាប់រយគ្រឿងទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយដល់សង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។
តែទោះបីជាយ៉ាងណា អ៊ីរ៉ង់បានចេញមុខបដិសេធតាំងពីដំបូង ខណៈដែលប្រមុខឆ្មាំបដិវត្តន៍ប៉ារ៉ាយោធារបស់ខ្លួនបានអួតក្នុងប៉ុន្មានថ្ងៃថ្មីៗនេះអំពីការបំពាក់អាវុធដល់មហាអំណាចកំពូលរបស់ពិភពលោក ដែលទំនងជាចង់សំដៅដល់ប្រទេសរុស្ស៊ី៕




ប្រភព MEE ប្រែសម្រួលដោយគីរីដងរែក




