មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទទី ០៣ខែតុលាថា មានកុមារយ៉ាងតិច៣២នាក់បានស្លាប់អំឡុងការប៉ះទង្គិចក្នុងកីឡដ្ឋានរបស់ប្រទេសឥណ្ឌូណេស៊ី ខណៈប៉ូលិសកំពុងចាត់វិធានការដើម្បីដាក់ទណ្ឌកម្ម អ្នកដែលទទួលខុសត្រូវចំពោះគ្រោះមហន្តរាយសម្លាប់មនុស្សច្រើនបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។
សោកនាដកម្មកាលពីយប់ថ្ងៃសៅរ៍នៅក្នុងទីក្រុង Malang បានធ្វើឲ្យមនុស្សសរុប ១២៥នាក់បាត់បង់ជីវិត និង៣២៣នាក់ផ្សេងទៀតរងរបួសដោយសារការរត់ជាន់គ្នា បន្ទាប់ពីក្រុមមន្ត្រីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងកីឡដ្ឋាន ដើម្បីទប់ស្កាត់មិនឲ្យអ្នកគាំទ្រសម្រុកចូលទីលាន។
មន្ត្រីម្នាក់នៅក្រសួងអំណាចនារី និងការពារកុមារបានប្រាប់ AFP ថាកុមារជាច្រើននាក់ ដែលជាប់ក្នុងភាពចលាចលនេះ ត្រូវបាត់បង់ ជីវិត។
លោក Nahar និយាយថា “តាមទិន្នន័យចុងក្រោយបំផុតដែលយើងទទួលបាន ក្នុងចំណោមមនុស្ស១២៥នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុនោះ មាន៣២នាក់គឺជាកុមារ”។
ស្របពេលកំហឹងកាន់តែពុះកញ្ជ្រោល ប្រឆាំង នឹង ប៉ូលិស, រដ្ឋមន្ត្រី សន្តិសុខ ឥណ្ឌូណេស៊ីលោក Mahfud M D បានប្រកាសថាក្រុម ការងារត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេត និងអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មចំពោះ អ្នកណា ដែលត្រូវបានរកឃើញថាជាអ្នក ទទួលខុសត្រូវ។
មេប៉ូលិសក្រុង Malang ត្រូវបានបណ្តេញចេញពីតំណែង ក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសុន្ទរកថារបស់រដ្ឋមន្ត្រី។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យប៉ូលិសជាតិលោក Dedi Prasetyo បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប៉ូលិសកោះជ្វាខាងកើត ក៏បានព្យួរការងារមន្ត្រីចំនួន៩នាក់ផងដែរ តាមការណែនាំរបស់កងកម្លាំងនគរបាលជាតិ៕




ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក




