(ភ្នំពេញ)៖ សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី១៥ ខែតុលានេះ បានបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ដែលប្រជុំដោយកីឡាករ-កីឡាការិនីជើងខ្លាំងប្រចាំតំបន់ចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ។ ពិធីបើកការប្រកួតបានធ្វើឡើងក្រោមវត្តមានលោក សុខ សូកាន ប្រធានសហព័ន្ធ និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក សុខ សូកាន បានបញ្ជាក់ថា ការប្រកួតនេះមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១២៧នាក់ មកពី ១៧សមាគម/ក្លិប។ អ្វីដែលគួរឲ្យកត់សម្គាល់ កីឡាករ-កីឡាការិនី សុទ្ធសឹងជាជ័យលាភីលេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ ដែលបានរៀបចំការប្រកួតជម្រុះ នៅតាមបន់ទាំង ៥ និង ៤ស្ថាប័ន កាលពីថ្មីៗ ក្នុងនោះមានវិញ្ញាសាបុរស ១ទល់១, នារី ១ទល់១, យុវជនអាយុក្រោម ១៨ឆ្នាំ ១ទល់១, យុវនារីអាយុក្រោម ១៨ឆ្នាំ ១ទល់១ និងវិញ្ញាសាចម្រុះ ២ទល់២។
ប្រមុខសហព័ន្ធខាងលើ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ពិសេសក្នុងឱកាសសហព័ន្ធរៀបចំការប្រកួតជម្រុះតាមបន់តំបន់ ដើម្បីចម្រាញ់ជើងខ្លាំងមកប្រកួតថ្នាក់ជាតិនេះ គឺជាឱកាសសម្រាប់សហព័ន្ធក្នុងការសម្លឹងមើលធនធានកីឡាករ-កីឡាការិនីឆ្នើមៗ ដើម្បីយកមកបណ្ដុះបណ្ដាល និងស្នងតំណែងរាមច្បង ក៏ដូចជាត្រៀមចូលរួមការប្រកួតជាតិ និងអន្ដរជាតិនានា នៅថ្ងៃអនាគត។ ការប្រកួតនេះ ធ្វើឡើង ២ថ្ងៃ នៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ នេះ៕







ដោយគីរីដងរែក