22.6 C
Phnom Penh
Saturday, December 21, 2024
- Advertisement -spot_img

កាកសំណល់សំរាមកោះទេសចរណ៍ធម្មជាតិខេត្តកោះកុងត្រូវបានរងការបំពុលយ៉ាងខ្លាំង

- Advertisement -spot_img

សំរាមប្រមាណជាងពីរតោនត្រូវបានបញ្ចេញចោលជារៀងរាល់ថ្ងៃនៅកោះស្តេច ជាកោះទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយនៅ ក្នុង ខេត្ត កោះកុង ដែល មានប្រជាពលរដ្ឋប្រមាណជាង ៧០០ គ្រួសាររស់នៅទីនោះ។

ប្រជាជនរស់នៅទីនោះ បានឱ្យដឹងថា ការបំពុលបរិស្ថាននៅលើកោះមានជាច្រើនឆ្នាំមកហើយ ខណៈមនុស្សជាច្រើនមិនបានដឹងពីផលប៉ះពាល់នៃការបំពុលដោយកាកសំណល់ទាំងនេះទេ។ បើទោះបីយ៉ាងនេះក្តី ពួកគេនិយាយថា កំហុសនេះគឺមកពីអាជ្ញាធរមូលដ្ឋាន ដែលមិនបានរៀបចំកន្លែង គ្រប់គ្រងកាកសំណល់អោយបានគ្រប់គ្រាន់ និង ត្រឹមត្រូវ នៅលើកោះនេះ។

សំរាមប្លាស្ទិកត្រូវបាន បោះចោល រាយប៉ាយនៅតាមឆ្នេរដោយប្រជាជនរស់នៅលើកោះ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅទីនោះ ហើយ បានហូរចូលសមុទ្រ។

បើតាម លោក វ៉ាន់ សារ៉ាត់ ដែលជាអ្នកបើកទូកដឹកភ្ញៀវទេសចរលើកោះបាននិយាយថា កាលពីមុនធ្លាប់មានក្រុមហ៊ុនឯកជនមួយប្រមូលសំរាមនៅលើកោះនេះ ប៉ុន្តែក៏បានឈប់ដំណើរការ។

លោកបានបន្តថា៖ « ចាប់តាំងពីពេលនោះមកអាជ្ញាធរមូលដ្ឋានក៏មិនឃើញរៀបចំអ្វីទៀតទេ បើទោះបីជាកោះនេះជាតំបន់ទេសចរណ៍ក៏ដោយ។ មានមនុស្សមួយចំនួនបានចោលសំរាមនៅកន្លែងចាក់សំរាមដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ ហើយ ៨០ភាគរយ នៃការ កាកសំណល់បាន ហូរ ចូល ទៅក្នុងសមុទ្រ»។

លោក គាត ថានី ដែលជាពលរដ្ឋរស់នៅលើកោះនេះជាង៣០ឆ្នាំ បាននិយាយថា ការបំពុលដោយកាកសំណល់នេះ គឺជាបញ្ហាដែលកើតមានយូរមកហើយ ដោយសារតែមិនមានការរៀបចំ និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ទោះបីយ៉ាងនេះក្តី ប្រជាពលរដ្ឋបាន ស្នើឱ្យអាជ្ញាធរមូលដ្ឋានដំឡើងឡដុតសំរាម និងធុងសំរាមនៅលើកោះនេះឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចមានកន្លែងទុកដាក់សំរាម បានត្រឹមត្រូវ។

លោក បានបន្ថែមថា៖ «បើគ្មានការគ្រប់គ្រងកាកសំណល់សំរាម បានគ្រប់គ្រាន់ទេ ទាំងខ្ញុំទាំងគេបារម្ភថា ចំនួនភ្ញៀវទេសចរមកលេងនៅលើកោះស្ដេចនឹងមានការធ្លាក់ចុះ»។

លោក សៀង តារា ជាអ្នករស់នៅលើកោះនេះជាង១០ឆ្នាំមកហើយនោះ ក៏បាននិយាយដែរថា ជាការចាំបាច់ណាស់ត្រូវតែធ្វើសកម្មភាពបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការបំពុលកាកសំណល់។ លោកថ្លែងថា៖ «ដោយសារតែយើងរស់នៅតំបន់ដាច់ស្រយាល ដូច្នេះប្រជាជន មិនយល់ដឹងអំពីបញ្ហាទាំងនេះទេ»។

អាជ្ញាធរស្រុកគីរីសាគរ បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដែលមកលេងកោះមានការធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ-១៩។ យោងតាមទិន្នន័យបង្ហាញដោយអធិការដ្ឋានស្រុកគីរីសាគរ ក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាត ចំនួនទេសចរសរុបមានជាង ៣៩ ០០០ នាក់ ធៀបនឹងឆ្នាំ ២០២១ ដែល មានភ្ញៀវទេសចរសរុបមានចំនួន ២៤ ៩១៨ នាក់ ។
លោក សាយ ង៉ែត នាយករដ្ឋបាលស្រុកគីរីសាគរ បានប្រាប់សារព័ត៌មានគីរីដងរែកថា ៖ អាជ្ញាធរមូលដ្ឋានកំពុងដំណើរការដំឡើងឡដុតសំរាមហើយសង្ឃឹមថានឹងរួចរាល់ក្នុងពេលឆាប់ៗនេះដើម្បីជួយសម្រួលដោះស្រាយការដុតកាកសំណល់ដែលត្រូវបានបញ្ចេញ ចោលនៅលើកោះនេះជារៀងរាល់ថ្ងៃ។

លោក បន្តថា ៖ «យើងបានស្នើសុំឡដុត និងឡានដឹកសំរាមជាច្រើនដងហើយ ប៉ុន្តែយើងទើបតែបានទទួល ដោយសារតែក្រសួងបរិស្ថានផ្តល់អាទិភាពផ្ដល់ឱ្យដល់ទីក្រុងដែលមានប្រជាជនច្រើន និង តំបន់ទេសចរណ៍ធំៗក្នុងខេត្តជាមុន» ។

លោកបានបន្តថា អាជ្ញាធរមូលដ្ឋានទទួលបានរថយន្តដឹកសំរាមចំនួន ៣ គ្រឿង ដែលនឹងប្រមូលសំរាមនៅលើកោះនេះខណៈបច្ចុប្បន្ននេះអាជ្ញាធរក៏កំពុងស្វែងរកសប្បរសធម៌ក្នុងឧបត្ថម្ភជាធុងសំរាម បន្ថែមទៀត។ លោក សាយ ង៉ែត បានប៉ាន់ប្រមាណថារហូតមកដល់ពេលនេះ ការគ្របគ្រងកាកសំណល់នៅលើកោះស្ដេចបានជាង ៦០ ភាគរយហើយ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បាន ឲ្យដឹង ថា បញ្ហាសំរាមនេះ វាជាការចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋ និងអាជ្ញាធរត្រូវធ្វើការសហការគ្នាដោះស្រាយលើបញ្ហានេះ។

លោកមានប្រសាសន៍ថា៖ «ក្រសួងលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីគ្រប់គ្រង និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ»។ ព្រោះកោះទេសចរណ៍ធម្មជាតិនេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ហើយត្រូវការត្រៀមខ្លួនដើម្បីស្វាគមន៍ភ្ញៀវទេសចរបន្ថែមទៀត។

លោកបន្ត ថា៖ «មិនមានកាកសំណល់ ច្រើនទេដែលបង្កើតដោយពលរដ្ឋរស់នៅទីនេះ។ សំរាម ភាគច្រើនកើតចេញពីភ្ញៀវទេសចរ។ អ្នកខ្លះមកលេងហើយបោះសំរាមចូលក្នុងទឹក ព្រោះមិនមានធុងសម្រាមគ្រប់គ្រាន់ដើម្បីឱ្យភ្ញៀវដាក់សំរាម»

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img