ប្រភពអ៊ីស្រាអែលនិងប៉ាឡេស្ទីនបាននិយាយថា កងទ័ពអ៊ីស្រាអែលបានបាញ់សម្លាប់យុវជនប៉ាឡេស្ទីន ២នាក់ ក្នុងអំឡុងការវាយឆ្មក់មួយនៅវេសបែង ដែលគេកាន់កាប់កាលពីថ្ងៃចន្ទនេះ ។
យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យុវជនទាំងពីរនាក់នោះត្រូវបានគេសម្លាប់នៅពេលមានការប៉ុនប៉ង ដែលគេបានចោទប្រកាន់ធ្វើការវាយប្រហារបុកទម្លាយមួយទៅរកពួកទាហានដែលកំពុងធ្វើការវាយឆ្មក់ជំរំជនភៀសខ្លួន ចាឡាហ្សូន នៅខាងជើងទីក្រុងរ៉ាម៉ាឡា ដើម្បីចាប់មនុស្សម្នាក់ដែលសង្ស័យធ្វើសកម្មភាពភេរវកម្ម ។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីនផ្លូវការ WAFA បានបង្ហាញអត្តសញ្ញាណអ្នកដែលស្លាប់នោះថា ឈ្មោះបាសែល បាស់ប៊ូស អាយុ ១៩ឆ្នាំ និង ខាលិដ អានបា អាយុ ២២ឆ្នាំ ទាំងពីរនាក់ ជាអ្នកស្រុកនៅចាឡាហ្សូន ។ រ៉ាហ្វាត សាឡាម៉េ អាយុ ១៩ឆ្នាំមកពីទីក្រុងប៊ែហ្សេត ក៏បានរងរបួសផងដែរនៅក្នុងការបាញ់នេះ ។
ក្រសួងកិច្ចការបរទេសនិង ចំណាកស្រុកប៉ាឡេស្ទីន បានថ្កោលទោសការសម្លាប់នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជា « ឧក្រិដ្ឋកម្មសង្គ្រាម » ព្រមទាំងត្រូវបានគេដាក់បន្ថែមទៅក្នុងបញ្ជីឈ្មោះនៃការប្រហារជីវិតជនប៉ាឡេស្ទីន នៅក្រៅតុលាការទាហានអ៊ីស្រាអែល ៕



ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




