(ដូហា)៖ សាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេស Oxford បានបង្ហាញការសន្និដ្ឋាន ចំពោះលទ្ធផលនៃការប្រកួត World Cup 2022 ដោយចុចយកប្រទេសចំនួន១០ ដែលមានលទ្ធភាពខ្ពស់ជាងគេ ក្នុងការឈ្នះពានផ្នែកបាល់ទាត់បុរសរបស់ពិភពលោកមួយនេះ។ ក្នុងនោះ Oxford វាយតម្លៃថា សាំបាប្រេស៉ីលមានភាគរយខ្ពស់ជាងគេ។
ការសិក្សារបស់ Oxford ធ្វើឡើងតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រដោយប្រមូលទិន្នន័យជាច្រើន មុននឹងវាយតម្លៃ។ គួរឲ្យចាប់អារម្មណ៍ថា ប្រទេសទាំង១០ ដែលជាប់ឈ្មោះក្នុងការវាយតម្លៃនេះ តោកំណាចអង់គ្លេស គ្មានលទ្ធភាពឈ្នះពានឡើយ បន្ទាប់ពីធ្លាប់ឈ្នះតែម្តងគត់កាលឆ្នាំ១៩៦៦។
ខាងក្រោមនេះជាបញ្ជីឈ្មោះប្រទេសទាំង១០ ដែលមានភាគរយខ្ពស់ ក្នុងការឈ្នះពាន World Cup 2022៖
១៖ ប្រេស៉ីល ១៤.៧២ភាគរយ
២៖ អាហ្សង់ទីន ១៤.៣៦ភាគរយ
៣៖ ហូឡង់ ៧.៨៤ភាគរយ
៤៖ អេស្ប៉ាញ ៧.០៣ភាគរយ
៥៖ បារាំង ៦.៣៧ភាគរយ
៦៖ ប៊ែលហ្សិក ៦.៣១ភាគរយ
៧៖ ព័រទុយហ្គាល់ ៥.៦០ភាគរយ
៨៖ ដាណឺម៉ាក ៤.៩៤ភាគរយ
៩៖ អាល្លឺម៉ង់ ៣.៨៤ភាគរយ
១០៖ អ៊ុយរ៉ាហ្កាយ ៣.៥៥ភាគរយ។
ព្រឹត្តិការណ៍ World Cup ដែលរៀបចំរៀងរាល់ ៤ឆ្នាំម្តងត្រូវចាប់ផ្តើមជាលើកទី២២ នៅថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា ខណៈការប្រកួតលើកទី១ បានធ្វើឡើងនៅឆ្នាំ១៩៣០ ក្នុងប្រទេសអ៊ុយរ៉ាហ្គាយ។
លើកលែងតែនៅឆ្នាំ១៩៤២ និងឆ្នាំ១៩៤៦ នោះទេដែលគ្មានព្រឹត្តិការណ៍ World Cup ដោយសារសង្រ្គាមលោកលើកទី២។ ប្រេស៉ីល គឺជាប្រទេសដែលឈ្នះពាន World Cup ច្រើនជាងគេរហូតដល់ទៅ ៥ដងតាមពីក្រោយដោយអាល្លឺម៉ង់ និងអ៉ីតាលី ដែលឈ្នះបាន ៤ដងដូចគ្នា៕



ប្រភព Oxford ប្រែសម្រួលដោយគីរីដងរែក




