(ម៉ាទ្រីដ)៖ ខ្សែការពារឆ្វេងអេស្ប៉ាញ Jose Gaya បានដកខ្លួនចេញពីក្រុមជម្រើសជាតិរបស់ពួកគេ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា បន្ទាប់ពីរងរបួសកជើងនៅក្នុងការហ្វឹកហាត់។ នេះបើតាមការប្រកួតពីក្រុម ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា Gaya បានរងរបួសនៅកជើងខាងស្តាំងរបស់លោក ខណៈកំពុងហ្វឹកហាត់នៅរដ្ឋធានី Amman ប្រទេសហ្ស៊កដានីកាលពីថ្ងៃពុធ ហើយបានវិលត្រឡប់ទៅកាន់អេស្ប៉ាញវិញនៅយប់ថ្ងៃសុក្រ។
អេស្ប៉ាញ បានទទួលជ័យជម្នះក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយលទ្ធផល ៣-១ លើក្រុមហ្ស៊កដានី ដែលជាការប្រកួតកម្តៅសាច់ដុំ កាលពីថ្ងៃព្រហស្បតិ៍ ៦ថ្ងៃមុនពេលពួកគេប៉ះកូស្តារីកាក្នុងការប្រកួតបើកឆាក World Cup។
ក្រុមរបស់អ្នកចាត់ការ Luis Enrique ក៏នឹងត្រូវប៉ះក្រុមអាល្លឺម៉ង់ និងជប៉ុន ក្នុងពូល E ផងដែរ។
កីឡាករ Alejandro Balde នឹងត្រូវជំនួសកីឡាករ Gaya នៅក្នុងក្រុមដែលជាម្ចាស់ពានរង្វាន់ World Cup ឆ្នាំ២០១០ នេះ ខណៈកីឡាករវ័យ ១៩ឆ្នាំនេះ ទទួលបានការកោះហៅចូលក្រុមជម្រើសជាតិឈុតធំជាលើកដំបូង៕



ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




