(រ៉ូម)៖ ខ្សែបម្រើរបស់ក្លិប AS Roma កីឡាករ Georginio Wijnaldum បានរបួសបាក់ជើង។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគកំពូលអ៉ីតាលី Serie A បណ្តាលឲ្យមានការលើកឡើងជាសំណួរស្តីពីការចូលរួមរបស់លោក សម្រាប់ក្រុមជម្រើសជាតិហូឡង់នៅឯព្រឹត្តិការណ៍ World Cup ដែលនឹងធ្វើឡើងនៅប្រទេសកាតា ក្នុងរយៈពេល ៣ខែខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
Wijnaldum ដែលជាកីឡាករខ្ចីជើងមកពីក្លិប Paris St Germain រូបនេះ បានបាក់ជើងរបស់លោកនៅក្នុងការហ្វឹកហាត់។
«បន្ទាប់ពីរងរបួសនៅអំឡុងពេលហ្វឹកហាត់…Georginio Wijnaldum បានទទួលការធ្វើតេស្តវេជ្ជសាស្ត្រដែលបានបញ្ជាក់ថា មានការបាក់ឆ្អឹង នៅជើងខាងស្តាំរបស់គាត់» នេះបើតាមក្លិប Roma បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
អ្នកចាត់ការក្លិប Roma លោក Jose Mourinho បានលើកឡើងថា «ពិតជាព័ត៌មានក្រៀមក្រំ, Gini បានរងរបួស ដែលនឹងធ្វើឲ្យរូបគាត់ អវត្តមានពីការប្រកួតរយៈពេលយូរ»។
សូមជម្រាបថា ហូឡង់ស្ថិតក្នុងពូល A ជាមួយនឹងក្រុមម្ចាស់ផ្ទះកាតា, អេក្វាឌ័រ និងសេណេហ្គាល់។ ពួកគេនឹងប្រកួតបើកការជម្រុះក្នុងពូល ដោយត្រូវប៉ះជាមួយក្រុមសេណាហ្គាល់ នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ៕



ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




