(បរទេស)៖ ស្របពេលដែលលោក Elon Musk ទើបតែចេញសេចក្តីព្រមានបុគ្គលិកពីការក្ស័យធនក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter នាពេលថ្មីៗនេះ ពេលនេះក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាជីវកម្មសកលរបស់អាមេរិកមួយទៀត ដែលបម្រើអតិថិជនប្រមាណ ៥០០០ក្រុមហ៊ុនកំពុងត្រៀមផ្អាកការផ្សាយពាណិជ្ជកម្មនៅ Twitter។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាជីវកម្ម Omnicom បានផ្តល់អនុសាសន៍នៅក្នុងអនុស្សរណៈមួយដល់អតិថិជនរបស់ខ្លួនឱ្យផ្អាកការផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើ Twitter។ ខណៈដែលក្រុមហ៊ុនដ៏ធំរបស់អាមេរិកនេះ បម្រើអតិថិជនសរុបប្រមាណជាង ៥០០០ក្រុមហ៊ុននៅក្នុងប្រទេសចំនួន ៧០ ដោយក្នុងនោះរួមមានទាំង ក្រុមហ៊ុន McDonald’s, Apple និង Johnson & Johnson ជាដើម។
យ៉ាងណាមិញជុំវិញការផ្លាស់ប្តូរនេះ បើតាមប្រភពពី The Verge ធ្លាប់បានរាយការណ៍កន្លងមកបានឱ្យដឹងថា ផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មនៅ Twitter កំពុងប្រឈមមុខនឹងការក្ស័យធនកាន់តែខ្លាំងឡើងចាប់តាំងពីកិច្ចព្រមព្រៀងទិញយក ៤៤ពាន់លានដុល្លាររបស់ Musk បានបញ្ចប់។ ពោលគឺបន្ទាប់ពីប៉ុន្មានថ្ងៃនៃការគ្រប់គ្រងរបស់ Musk ក្រុមហ៊ុនធំៗជាច្រើននាំគ្នាផ្អាកការផ្សាយពាណិជ្ជកម្ម ខណៈដែលប្រាក់ចំណូលរបស់ Twitter ស្ទើរតែ ៩០ភាគរយបានមកពីផ្នែកនេះ។
គួរបញ្ជាក់ដែរថា ដើម្បីជួយសង្គ្រោះ Twitter ឱ្យមានជីវិតបន្ត កាលពីសប្តាហ៍មុននេះ Musk ទើបតែលក់ភាគហ៊ុននៅ Tesla ប្រមាណ ១៩.៥ លានហ៊ុនបន្ថែមទៀត ដែលគិតជាប្រាក់ទាំងមុន និងក្រោយសរុបខ្ទង់ ២០ពាន់លានដុល្លារអាមេរិកឯណោះ៕
ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




