(បរទេស)៖ Cristiano Ronaldo បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតទាំង ២គ្រាប់ក្នុងជ័យជម្នះ ២ទល់នឹង១ របស់ Al Nassr លើគូប្រជែង Al Taawoun ដើម្បីឡើងទៅឈរនៅកំពូលតារាងនៃ Saudi-Pro League វិញផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Live Score នាថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ដូចគ្នានោះដែរ Al Nassr នឹងមានកៅអីលេងពាន FIFA Club World Cup ចុងឆ្នាំនេះ ប្រសិនបើពួកគេដណ្តើមបានជើងឯកពានលីគក្នុងឆ្នាំ២០២៣ គ្រាដែលអារ៉ាប៊ីសាអូឌីតទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះផងនោះ នៅពេល Ronaldo ពិតជាបានលេងក្នុងពានប្រចាំឆ្នាំនេះម្តងទៀត ក្នុងនាមម្ចាស់ពាន Ballon d’Or ចំនួន ៥លើក។
ក្នុងជំនួប ៩០នាទីពេញនៅយប់មិញនេះ Ronaldo ដែលកើនវ័យ ៣៨ឆ្នាំទៅហើយនោះ បានបញ្ជូនបាល់ឲ្យ Abdulrahman Ghareeb រកបានគ្រាប់បើកឆាកនៅនាទី១៧ មុនពេលបញ្ជូនលើកទី២ ឲ្យ Abdullah Madu សម្រេចគ្រាប់ទី២ នៅខ្វះ ១២នាទីដល់ម៉ោងបញ្ចប់ការប្រកួត ក្នុងការជួយ Al Nassr វិលទៅកាន់តំណែងកំពូលតារាងវិញពីលើក្រុមលេខ២ Al Ittihad ដោយសារលើសគ្រាប់បាល់ចំណេញ ដ្បិតមានពិន្ទុស្មើគ្នាក្តី។
ក្រោយចប់ការប្រកួត Ronaldo បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា «វិលទៅកាន់តំណែងកំពូលតារាងវិញ ជាមួយ ៣ពិន្ទុដ៏សំខាន់។ ក្រុមធ្វើបានល្អហើយ»៕



ប្រភព ប្រែសម្រួលដោយគិរីដងរែក




