បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលជាង ៣ខែ ពេលនេះតារាសម្តែងស្រីដ៏ល្បីឈ្មោះ Pinky Savika បានធានាឱ្យនៅក្រៅឃុំ ដោយត្រូវតម្កល់ប្រាក់ ៥លានបាត និងត្រូវគោរពតាមលក្ខខណ្ឌចំនួន ៤ចំណុច ដែលតុលាការដាក់ឱ្យអនុវត្តជាកំហិត។
ក្រោយឡើងសវនាការ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសំណុំរឿងឆបោកប្រាក់ ចុងចោទ Pinky Savika ត្រូវមេធាវីការពារក្ដី ធានាឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈម្សិល មិញនេះ នាងបានចេញពីពន្ធនាគារហើយ។
នៅ ម៉ោង ៧:១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា Pinky បាន ចាក ចេញ ពី មន្ទីរឃុំឃាំង ដោយបានឡើងជិះ រថយន្ត Fortuner ពណ៌ ស មាន បុរសម្នាក់ និង ស្រ្តីម្នាក់ មក ទទួលនាងចេញទៅ។ អ្នកសារព័ត៌មានឆ្មក់បានរូបថតប៉ុន្មានសន្លឹក មុនពេលនាងចេញផុតពីមន្ទីរឃុំឃាំង ដែលគេបានឃើញ Pinky ពាក់ អាវ ពណ៌ ស មាន ឆ្នូត ពណ៌ ខៀវ វែង ពាក់ ម៉ាស អង្គុយ នៅពី ក្រោយ។ ជាមួយគ្នាដែរ នាងបានលើកដៃជម្រាបសួរអ្នកសារព័ត៌មាន និងមហាជន ដោយបញ្ចេញស្នាមញញឹមដាក់គ្រប់គ្នាផងដែរ។ ចំពោះស្ថានភាពរបស់ Pinky យ៉ាងណាទៀតនោះ អ្នកសារព័ត៌មាន នៅមិនទាន់អាចជួបសម្ភាសន៍នាង ឬមនុស្សជិតដិតបាននៅឡើយទេ៕

ប្រភព Thailand Posts English ប្រែសម្រួលដោយគីរីដងរែក




