(បរទេស)៖ ក្រុមហ៊ុន Meta Platforms បានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនបាននិងកំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនូវមុខងារ បង់ប្រាក់ ប្រចាំខែ (Monthly subscription) ដែលមានឈ្មោះថា Meta Verified។ មុខងារថ្មីនេះគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការ Verify គណនីខ្លួនឯង បាន ដោយប្រើប្រាស់អត្តសញ្ញាប័ណ្ណ ដើម្បីផ្ដល់ភាពងាយស្រួលដល់ Content Creators ក្នុងការបញ្ជាក់ពីអត្តសញ្ញាណពិតរបស់ខ្លួន និងដើម្បី ងាយស្រួលក្នុងការបង្កើត នូវមាតិកាសហគមន៍។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា សេវាកម្មមួយនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ សម្រាប់ បណ្ដាញសង្គម Facebook និង Instagram នៅចុងសប្ដាហ៍នេះ ដោយរួមបញ្ចូលផងដែរនូវការការពារបន្ថែមប្រឆាំងនឹងការក្លែងបន្លំ ផ្សេងៗពាក់ព័ន្ធគណនី ជាមួយនឹងមានតម្លៃចាប់ពី ១១.៩៩ដុល្លារអាមេរិកក្នុងមួយខែសម្រាប់នៅលើគេហទំព័រ និង ១៤.៩៩ដុល្លារអាមេរិកក្នុងមួយខែសម្រាប់ប្រព័ន្ធ iOS និង Android។
ចំពោះប្រទេសដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់សេវាកម្មនេះមុនគេនោះ ត្រូវបាន Meta បញ្ជាក់ថា Meta Verified នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងសប្តាហ៍នេះ ដោយមានការបើកដំណើរការជាបណ្តើរៗនៅក្នុងប្រទេសផ្សេងទៀត។
វាមិនមែនជារឿងថ្មីនោះទេសម្រាប់បណ្ដាញសង្គម ដែលដាក់ឱ្យប្រើប្រាស់សេវាកម្មបែបនេះជាមួយនឹងការបង់ប្រាក់នោះ ថ្មីៗនេះ Twitter ក៏ដាក់ចេញសេវាកម្មបែបនេះផងដែរ ខណ:ដែល Telegram បានដាក់ចេញវាកាលពីឆ្នាំមុន និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ៕

ប្រភព ABC News ប្រែសម្រួលដោយគិរីដងរែក




